ខេត្តបន្ទាយមានជ័យ៖ លោកបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់របស់លោក ឌិត ទីណា រដ្ឋមន្រ្តី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃអង្គារ ទី៣១ ខែមករា ឆ្នាំ ២០២៣នេះ បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យាផលិតកម្មកសិកម្ម ស្តីពីការផ្គត់ផ្គង់ស្រូវអុីអ៊ែរ រវាងសហគមន៍កសិកម្ម នឹងក្រុមហ៊ុនស៊ីកនេតឈ័រ អហ្វអេស៊ា នៅឯមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបន្ទាយមានជ័យ។
ក្រោមកិច្ចសម្របសម្រួលរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហព័ន្ធស្រូវអង្ករ គិតត្រឹមថ្ងៃទី៣១ ខែមករាឆ្នាំ២០២៣នេះ មន្ទីរកសិកម្មខេត្តបន្ទាយមានជ័យសម្រេចបាននូវកិច្ចសន្យាកសិកម្មចំនួន៦ គិតជាបរិមាណស្រូវចំនួន ៨.៥៣៣តោន លើផ្ទៃដីដាំដុះចំនួន ១.៧៨០ហ.ត និងសមាជិកកសិករផលិតចំនួន ១៨៦នាក់។ កិច្ចសន្យានេះផ្ដោតលើពូជស្រូវអង្ករបាយរឹង។
ក្នុងឱកាសនោះ លោកបណ្ឌិត យ៉ង សាំងកុមារ បានមានមតិណែនាំឱ្យបន្តសហការចងក្រងនិងពង្រឹងសហគមន៍កសិកម្ម និងរៀបចំចងក្រងទិន្នន័យផលិតកម្មឱ្យបានត្រឹមត្រូវ។ បន្ថែមពីនេះទៀត លោកបណ្ឌិតក៏បានផ្ដល់អនុសាសន៍ដល់សហគមន៍ឱ្យកាត់បន្ថយថ្លៃដើមផលិតស្រូវតាមរយ:ការប្រើប្រាស់ពូជសុទ្ធល្អ ការប្រើប្រាស់ជីធម្មជាតិលាយជាមួយជីគីមី ការរៀបចំដី និងការគ្រប់គ្រងទឹកឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស។
សូមបញ្ជាក់ផងដែរថា សហគមន៍ផលិតស្រូវក៏ទទួលបានការសម្របសម្រួលការផ្គត់ផ្គង់ធាតុចូលពីក្រុមហ៊ុនជី ថ្នាំកសិកម្ម និងពូជស្រូវ ដោយកសិករទិញបណ្ដាក់ និងទូទាត់នៅពេលប្រមូលផល៕ ដោយសហការី