នរណាទប់ទឹកភ្នែកបាន! ថ្ងៃទទួលសញ្ញាបត្រកូនត្រូវបាត់បង់ជីវិត ឪពុកម្តាយក៏មកទទួលជំនួសសពកូនទាំងទឹកភ្នែកហូរជោកជាំ

ចែករំលែក៖

ខេត្តស្វាយរៀង : ចាត់ទុកថាសញ្ញាបត្រគ្មានម្ចាស់ ឪពុកម្តាយមកទទួលជំនួសកូន!!!

អនិច្ចាសង្ខារមិនទៀង…អ្នកមានគុណ តស៊ូរកលុយឱ្យកូនរៀនចប់ដោយជោគជ័យ គ្មានប្រាប់កូនពីការនឿយហត់ លំបាក ផ្ទុយទៅវិញបែរជាកូនបាត់បង់ជីវិត មុនថ្ងៃទទួលសញ្ញាបត្រ … ទំនួញម្តាយ « កូនអើយ ម៉ែមកទទួល សញ្ញាបត្រជូនកូនហើយ » ។

ក្នុងលោកនេះ គ្មានស្នេហាណាធំជាងស្នេហារវាងឪពុកម្តាយមកលើកូនទេ! តែអនិច្ចា ! កូនរបស់គាត់ត្រូវលាចាកគ្មានថ្ងៃត្រឡប់!!! 

សូមបញ្ជាក់ថា រូបភាពពីរសន្លឹករបស់ឪពុកម្ដាយក្នុងឈុតទទួលសញ្ញាបត្រ ជំនួសកូនប្រុសដែលបានបាត់បង់ជីវិត ទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីអ្នកប្រើប្រាស់បណ្ដាញសង្គម។ 

   អ្នកស្រី លន់ ផល្លី ត្រូវជាម្ដាយរបស់ លោក ឆាន សទ្ធា បានប្រាប់អ្នកសារព័ត៌មានថា កូនរបស់គាត់បានស្លាប់កាលពីឆ្នាំ២០២២ ដោយសារខ្សែភ្លើង​ឆក់ពេលជួយការងារសំណង់ឪពុក។ 

    អ្នកស្រី លន់ ផល្លី បានបន្ថែមថា កូនរបស់អ្នកស្រី បានរៀនចប់ផ្នែកគណិតវិទ្យានៅសកលវិទ្យាល័យស្វាយរៀង ហើយគ្រោងប្រឡងគ្រូ។ ជាមួយគ្នានេះ កូនរបស់អ្នកស្រីក៏បានសុំអ្នកស្រីរៀនអនុបណ្ឌិតបន្ត។ «រៀនចប់ហើយ រកលុយទៅរៀនត។ គាត់លួងលោមខ្ញុំ ថ្វាយបង្គំសុំពួកខ្ញុំរៀនត ដល់អនុបណ្ឌិត ហើយខ្ញុំថា ក្រប៉ុនណាក៏ម៉ែពុកឱ្យកូនរៀនដែរ កូនខំរៀនទៅ»។ នេះជាការរៀបរាប់របស់អ្នកស្រី លន់ ផល្លី ដែលខណៈពេលរម្លឹកបែបនេះ អ្នកស្រីក៏ទ្រហោយំភ្លាម។ 

   សូមរម្លឹកថា រំពេចនោះ លោក ប្រុក ធឹក ដែលជាឪពុក ឆាន សទ្ធា ក៏បន្តសន្ទនាជាមួយអ្នកសារព័ត៌មានតាមទូរស័ព្ទ ជំនួសភរិយា។ ពេលសួរថា ហេតុអ្វីលោកទៅទទួលសញ្ញាបត្រជំនួសកូនប្រុស ដែលបានស្លាប់ទៅហើយនោះ? លោក 

ប្រុក ធឹក បានរៀបរាប់ថា លោកនិងភរិយា មិនច្បាស់ថា សាលាព្រមផ្ដល់សញ្ញាបត្រ ឱ្យឬអត់ទេ ដ្បិតលោកទទួលដំណឹងពីការផ្ដល់សញ្ញាបត្រនេះតាមក្មួយស្រីដែលរៀនសាលាជាមួយកូនលោកប៉ុណ្ណោះ។ 

   លោក ប្រុក ធឹក បានអះអាងថា៖  «អ្នកស្រុកថា កូនយើងស្លាប់ហើយមិនបាច់ទៅទទួលទេ។ ខ្ញុំក៏មិនដឹងថាខាងសាលាឱ្យឬមិនឱ្យ តែខ្ញុំក៏ទៅ។ លោកស្រីម្នាក់ដែលចូលរួម​ គាត់ដឹងរឿង 

សទ្ធាកូនខ្ញុំហ្នឹង ក៏ដឹកដៃឡើងឱ្យទទួល។ ម្សិលមិញ ខ្ញុំទៅ ពួកខ្ញុំយំតាំងពីទៅដល់ពេលឃើញកូនគេ។ ខ្ញុំនឹកកូនខ្ញុំ» ។ 

   មានជីវភាពលំបាក អ្នកខេត្តស្វាយរៀងរូបនេះ បានតស៊ូឱ្យកូនច្បងរៀនសូត្រឱ្យបានដល់ចប់ចុងចប់ដើម។ លោក ប្រុក ធឹក ចាត់ទុកថា  នេះជាមោទកភាពសម្រាប់គ្រួសាររបស់លោក ដែលមានកូនបានរៀនដល់ថ្នាក់ឧត្តមសិក្សា។ រៀបរាប់ជាមួយការសោកស្ដាយជាពន់ពេក លោក ប្រុក ធឹក បានឱ្យដឹងថា ក្នុងពេលឡើងទទួលសញ្ញាបត្រឱ្យកូនប្រុស លោកនិងភរិយា បានឧទ្ធិសហៅព្រលឹងកូនឱ្យមកទទួល។ លោក ប្រុក ធឹក បន្ថែមដូច្នេះ៖ «ពេលឡើងទៅ ខ្ញុំស្រែកហៅកូនខ្ញុំថា កូនអើយ ពុកម៉ែ មកទទួលសញ្ញាបត្រជំនួសកូនហើយ កូនមកយកទៅ »។

ក្នុងករណីនេះដែរ ទាំងសារព័ត៌មានក្នុងស្រុក ទាំងបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក បានចាប់អារម្មណ៍ និងបង្ហោះព្រោងព្រាត ជាមួយនឹងការអាណិតអាសូរយ៉ាងខ្លាំងទៅលើឪពុកម្ដាយដែលបានបាត់បង់កូនជាទីស្រឡាញ់ ៕  ដោយ : សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print