ភ្នំពេញ៖ យោងតាមប្រភពព័ត៌មានពីអធិការនគរបាលខណ្ឌជ្រោយចង្វា នៅព្រឹកថ្ងៃពុធទី០១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានឱ្យដឹងថា ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឆក់កាបូប និងថេបប្លេតរបស់ប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវ ត្រូវបានកម្លាំងជំនាញចុះស្រាវជ្រាវឈានដល់ការបង្រ្កាប និងឃាត់ខ្លួនយកមកសាកសួររហូតបញ្ជប់នីតិវិធី និងត្រៀមខ្លួនបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដេីម្បីចាត់ការតាមច្បាប់។
ប្រភពដដែលបន្តថា ជនសង្ស័យឈ្មោះ ធីម សុខឡេង ហៅមាន់ ភេទប្រុស អាយុ២០ឆ្នាំ ស្នាក់នៅផ្ទះគ្មានលេខ ភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មុខរបរជាងមាស។
របាយការណ៍បន្តថា កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វា កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឆក់កាបូប និងថេបប្លេតម៉ាកសាំស៊ុងសេរីចាស់ ប្រព្រឹត្តកាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣ នៅចំណុចផ្លូវជាតិលេខ៦ ក្រុមទី១៨ ភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា។ ជនរងគ្រោះឈ្មោះ ខៀវ ធីតា ភេទស្រី ស្នាក់នៅភូមិបាក់ខែង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ មុខរបបរបុគ្គលិកក្រុមហ៊ុន។
វត្ថុតាងដកហូតរួមមាន៖ ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ស សេរីឆ្នាំ២០២១ ផ្លាកលេខ ភ្នំពេញ 1IO-9442 ជារបស់ជនសង្ស័យជិះធ្វើសកម្មភាព, កាបូបម៉ាកLV ពណ៌សូកូឡា និងប័ណ្ណក្រីក្រ ជារបស់ជនរងគ្រោះ ហើយថេបប្លេតម៉ាកសាំស៊ុងសេរីចាស់ ត្រូវបានជនសង្ស័យបោះចោលទៅទឹកទន្លេបាត់ដោយសារមិនមានអ្នកទិញ។
បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វា ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕ ដោយ៖សហការី