កូរ៉េខាងត្បូង៖ ប្រធានាធិបតីសាធារណរដ្ឋកូរ៉េ Yoon Suk Yeol និងស្ត្រីទីមួយ Kim Keon Hee បានអញ្ជើញកុមារា អោក រដ្ឋា អាយុ ១៤ឆ្នាំ មកពីប្រទេសកម្ពុជា ដែលបានទទួលការវះកាត់បេះដូងនៅប្រទេសកូរ៉េ ទៅកាន់ការិយាល័យប្រធានាធិបតីកាលពីថ្ងៃអង្គារទី ៣១ខែមករាឆ្នាំ២០២៣។
ប្រធានផ្នែកទំនាក់ទំនងសាធារណៈរបស់ប្រធានាធិបតីកូរ៉េនិយាយនៅក្នុងសន្និសីទសារព័ត៌មានថា ប្រធានា ធិបតីសាធារណរដ្ឋកូរ៉េលោក Yoon Suk Yeol បានជួបជាមួយកុមារា អោក រដ្ឋា ដែលកំពុងរៀបចំត្រឡប់មកផ្ទះវិញបន្ទាប់ពីបញ្ចប់ការវះកាត់បេះដូងដោយជោគជ័យ នៅការិយាល័យរបស់លោក ។
ភរិយាប្រធានាធិបតីកូរ៉េអ្នកស្រី Kim Keoun Hee បានអរគុណដល់ក្រុមហ៊ុនអាកាសចរណ៍កូរ៉េ ដែលបាននាំកុមារា អោក រដ្ឋា ទៅកាន់ប្រទេសកូរ៉េដោយសុវត្ថិភាព ខណៈលោកកស្រីមានការព្រួយបារម្ភ ពីការធ្វើដំណើររបស់កុមារា រដ្ឋា ដែលមានជំងឺបេះដូង ហើយអាចធ្វើ ដំណើរទៅកាន់ប្រទេសកូរ៉េ ដោយសុវត្ថិភាពពីប្រទេសកម្ពុជា។
លោកស្រីក៏បានអរគុណ និងកោតសរសើរចំពោះបុគ្គលិកពេទ្យនៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Seoul Asan ក្នុងទីក្រុងសេអ៊ូល ដែលបានវះកាត់ដល់កុមារា រដ្ឋា ដោយជោគជ័យ ជាសះស្បើយឡើងវិញ។ លោកស្រី Kim Keon Hee បាននិយាយនៅក្នុងសេចក្តីថ្លែង ការណ៍ថា៖ «ចាប់តាំងពីបានជួប រដ្ឋា នៅប្រទេសកម្ពុជាក្នុងខែវិច្ឆិកា អ្វីគ្រប់យ៉ាងដែលបានកើតឡើងរហូត មកដល់ពេលនេះ មានអារម្មណ៍ដូចជាអព្ភូតហេតុមួយ»។
ជាមួយគ្នានេះដែរកុមារា រដ្ឋា បានសរសេរលិខិតថ្លែងអំណរគុណនៅលើកាតប៉ុស្តាល់ដែលតុបតែងដោយផ្កាហើយប្រគល់ជាអំណោយដល់ លោកប្រធានាធិបតី និងភរិយា។
គួរឱ្យដឹងដែរថា ស្ត្រីទីមួយ Kim Keon Hee បានជួបក្មេងប្រុសកម្ពុជា ដែលមានជំងឺបេះដូង ក្នុងឱកាសដែល អ្នកស្រីបានអមដំណើរស្វាមី ជាប្រធានាធិបតីសាធារណរដ្ឋកូរ៉េ ចូលរួមកិច្ចប្រជុំកំពូលអាស៊ានដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្នុងខែវិច្ឆិកា ឆ្នាំ២០២២ កន្លងមក៕ ដោយ៖ សូរិយា