បើករថយន្តដឹកស្រីស្នេហ៍ទម្លាក់ទឹកដើម្បីឱ្យស្លាប់ទាំងអស់គ្នាតែមិនស្លាប់ក៏ស្ទុះចេញពីក្នុងឡានវារឡើងទៅលើដើមឈើចងកសម្លាប់ខ្លួន

ចែករំលែក៖

ខេត្តកោះកុង ៖ កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣ នៅស្រុកមណ្ឌលសីមា ខេត្តកោះកុងគេប្រទះឃើញរថយន្ត ១គ្រឿងបើកធ្លាក់ចូលក្នុងទឹកព្រែកដៃសមុទ្របណ្តាលឱ្យមនុស្សស្រីម្នាក់ស្លាប់ក្នុងរថយន្ត និងឃើញបុរសម្នាក់បញ្ចប់ជីវិតនៅលើដើមឈើនៅក្បែរនោះដែរ ស្ថិតនៅចំណុចចាំលុង ភូមិតាចាត ឃុំទួលគគីរ ស្រុកមណ្ឌលសីមា ខេត្ត កោះកុង ។

ជនបង្កឈ្មោះ សំ សុខ ភេទប្រុស អាយុ៥៤ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិ៣ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង (បានបញ្ចប់ជីវិតនៅលើដើមឈើ) ។ ចំណែកជនរងគ្រោះដោយអំពើឃាតកម្មនោះឈ្មោះ កប ស្រីនី ភេទស្រី អាយុ២៨ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅបន្ទប់ជួលក្នុងភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង (ស្លាប់ក្នុងរថយន្ត) ។

តាមការបំភ្លឺពីឈ្មោះ ព្រំ ពៅ ភេទស្រី អាយុ៥១ឆ្នាំ មុខរបរលក់ដូរ ត្រូវជាប្រពន្ធជនបង្កបានរៀបរាប់ឱ្យដឹងថា មុនពេលកើតហេតុ នៅវេលាម៉ោងប្រមាណ៩ព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣ ប្តីរបស់គាត់ឈ្មោះ សំ សុខ បានចេញពីផ្ទះមិនដឹងទៅណា ដោយមិនបានប្រាប់ប្រពន្ធសូម្បីបន្តិច ។ លុះមកដល់វេលាម៉ោង៨យប់ថ្ងៃដដែល ប្តីបានទូរស័ព្ទប្រាប់មករូបគាត់ជាប្រពន្ធថា គាត់នៅភូមិទួលគគីរ ។ ពេលនោះរូបគាត់បានសួរទៅវិញថា នៅទួលគគីរធ្វើអីទាំងយប់? ហើយប្តីក៏បានឆ្លើយតបភ្លាមៗថា «នៅដើរលេង និងសុំទោសប្រពន្ធ» រួចក៏បិទទូរស័ព្វរហូតទៅដោយទូរស័ព្ទមិនចូលតែម្តង ។

ស្ត្រីជាប្រពន្ធបានបន្តថា ស្រាប់តែនៅ ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ ២០ ២៣ មានអ្នកនេសាទបើកទូកប្រទះឃើញមនុស្សបញ្ចប់ជីវិតនៅជាប់នឹងដើមកោងកាងក៏រាយការណ៍ជូនអាជ្ញាធរ និងសមត្តកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលទួលគគីរបានជ្រាបជាព័ត៌មាន ។

អ្នកនេសាទរាយការណ៍ពីហេតុការណ៍ភ្លាមៗ សមត្តកិច្ចនគរបាលបានចុះទៅដល់ បានឃើញមនុស្សប្រុសម្នាក់បញ្ចប់ជីវិតនៅលើដើមឈើប្រាកដមែន និងបានឃើញរថយន្ត១គ្រឿងទៀតធ្លាក់ចូលក្នុងទឹកព្រែក។ បន្ទាប់មកសមត្តកិច្ចបានបង្កើតគណៈកម្មការចម្រះ ដើម្បីពិនិត្យសពនៅកន្លែងកើតហេតុ ក្រោមការសម្របសម្រួលពីស្ថាប័នអយ្យការអមសាលាដំបូងខេត្តកោះកុង ហើយសមត្ថកិច្ចក៏បានស្ទូចរថយន្ត១គ្រឿងនោះឡើងលើគោក ទើបដឹងថា រថយន្តម៉ាកកាមរី បាឡែន ស៊េរីឆ្នាំ២០០២ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ 2AH- 6044 ។ នៅក្នុងរថយន្តនោះក៏មានមនុស្សស្រីម្នាក់ដេកស្លាប់នៅលើកៅអីខាងមុខជាប់អ្នកបើកបរ គឺជាសាកសពដែលគេស្គាល់អត្តសញ្ញាណឈ្មោះ កប ស្រីនី ជាស្រីស្នេហ៍តែខ្លះថាជាប្រពន្ធចុងរបស់ជនបង្កឈ្មោះ សំ សុខ ។

មុនកើតហេតុដំបូង មានគេឃើញជនរងគ្រោះឈ្មោះ កប ស្រីនី បានអង្គុយលេងជាមួយឈ្មោះ សំ សុខ នៅភូមិទួលគគីរនោះ ហើយក៏ស្រាប់តែមានគេទូរស័ព្ទចូលមកទូរស័ព្ទជនរងគ្រោះ ដែលជាស្រីចិញ្ចឹមរបស់ឈ្មោះ សំ សុខ។ ពេលនោះសំ សុខ មានចិត្តប្រចណ្ឌខឹងហើយក៏នាំជនរងគ្រោះកប ស្រីនី ឡើងរថយន្តជិះសំដៅមកកន្លែងកើតហេតុ ដើម្បីធ្វើសកម្មភាពបើករថយន្តទម្លាក់ទឹកដើម្បីឱ្យស្លាប់ទាំងអស់គ្នា ប៉ុន្តែដោយខ្លួន(សំ សុខ) មិនស្លាប់ ទើបស្ទុះចេញពីក្នុងរថយន្តប្រញាប់ប្រញាល់ឡើងទៅលើដើមឈើបញ្ចប់ជីវិតតែម្តង ។

...

សាកសពជនរងគ្រោះត្រូវបានសមត្តកិច្ចប្រគល់ឱ្យក្រុមគ្រួសារ និងសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕ ដោយ៖សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print