ប្រទេសឥណ្ឌូនេស៊ី : នៅរសៀលថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងឱកាសនៃកិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន (ACC) លើកទី៣២ និងកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅទីក្រុងហ្សាការតា លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយ លោក Bui Thanh Son រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
សូមបញ្ជាក់ថា, នៅព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយលោកស្រីបណ្ឌិត Adaljiza Albertina Xavier Reis Magno រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត នៅក្នុងឱកាសនៃកិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន (ACC) លើកទី៣២ និងកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅទីក្រុងហ្សាការតា។
សូមរម្លឹកថា , តបតាមការអញ្ជើញរបស់លោកស្រី រ៉េតណូ អិលភីម៉ារស៊ូឌី រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋឥណ្ឌូនេស៊ី លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូអញ្ជើញទៅចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន (ACC) លើកទី៣២ និងកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី៣-៤ ខែ កុម្ភៈ ឆ្នាំ២០២៣ នៅទីក្រុងហ្សាការតា។
កិច្ចប្រជុំ ACC លើកទី៣២ ផ្តោតលើការបន្តតាមដាន «សេចក្តីថ្លែងការណ៍របស់ ថ្នាក់ដឹកនាំអាស៊ាន ស្តីពីសំណើសុំចូលជាសមាជិកអាស៊ានរបស់ប្រទេសទីម័រខាងកើត” និង“សេចក្តី ប្រកាសស្តីពីសេដ្ឋកិច្ចបៃតង»។ រដ្ឋមន្ត្រីការបរទេសអាស៊ាន ក៏នឹងពិភាក្សាអំពីអាទិភាពនានានៅក្នុង ឆ្នាំ២០២៣ ផងដែរ។
ក្នុងកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន រដ្ឋមន្ត្រី ពិភាក្សាអំពីការបន្តតាមដាន ការងាររបស់កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ រួមទាំង «ការពិនិត្យឡើងវិញនិងការសម្រេច របស់ថ្នាក់ដឹកនាំ ស្តីពីការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច» និង «អនុសាសន៍ស្តីពីការ ពង្រឹងសមត្ថភាព និងប្រសិទ្ធភាពស្ថាប័នរបស់អាស៊ាន ដោយក្រុមការងារកម្រិតខ្ពស់លើចក្ខុវិស័យ ក្រោយឆ្នាំ២០២៥របស់សហគមន៍អាស៊ាន” ព្រមទាំងផ្លាស់ប្តូរទស្សនៈអំពីទំនាក់ទំនងខាងក្រៅរបស់ អាស៊ាន ក៏ដូចជាបញ្ហាក្នុងតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍ និងកង្វល់រួមផងដែរ។
ឥណ្ឌូនេស៊ី ដឹកនាំដំណើរការអាស៊ាននៅឆ្នាំនេះ ក្រោមមូលបទ “អាស៊ានសំខាន់៖ ចំណុចកណ្ដាលនៃកំណើន» ដើម្បីធានាថាអាស៊ានក្លាយជាចំណុចនៃកិច្ចសហប្រតិបត្តិការ ដែលរួម ចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាពរបស់តំបន់ និងពិភពលោក។
នៅក្នុងឱកាសនៃជំនួបខាងលើ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រំពឹងថាមាន កិច្ចសន្ទនាដាច់ដោយឡែកជាមួយសមភាគីរបស់ឯកឧត្តមពីប្រទេសអាស៊ានមួយចំនួនផងដែរ៕
ដោយ : សិលា