រដ្ឋមន្ត្រីអាស៊ានអំពាវនាវឲ្យមានការសន្ទនាគ្នា កាត់បន្ថយអំពើហិង្សានៅមីយ៉ាន់ម៉ា

ចែករំលែក៖

រដ្ឋមន្ត្រីការបរទេសនៃបណ្តាប្រទេសអាស៊ីអាគ្នេយ៍បានអំពាវនាវឱ្យមីយ៉ាន់ម៉ាកាត់បន្ថយអំពើហិង្សា និងអនុញ្ញាតឱ្យជំនួយមនុស្សធម៌ចូលក្នុងប្រទេសដើម្បីត្រួសត្រាយផ្លូវសម្រាប់ការសន្ទនាដើម្បីបញ្ចប់វិបត្តិ។

សារព័ត៌មាន AP កាលពីថ្ងៃទី៣ ខែកុម្ភៈ បានផ្សាយថា រដ្ឋមន្ត្រីការបរទេសនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានអំពាវនាវឱ្យមីយ៉ាន់ម៉ាកាត់បន្ថយអំពើហិង្សា និងអនុញ្ញាតឱ្យជំនួយមនុស្សធម៌ចូលក្នុងប្រទេស ដើម្បីត្រួសត្រាយផ្លូវសម្រាប់ការសន្ទនាដើម្បីបញ្ចប់វិបត្តិ ។
រដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ាមិនត្រូវបានអញ្ជើញឱ្យចូលរួមកិច្ចប្រជុំអាស៊ាននៅទីក្រុងហ្សាការតា (ឥណ្ឌូនេស៊ី) ទេ ដោយសារតែមីយ៉ាន់ម៉ាមិនបានអនុវត្ត “កិច្ចព្រមព្រៀងសន្តិភាពប្រាំចំណុច” ស្តីពីការស្តារសន្តិភាពដែលខ្លួនបានចុះហត្ថលេខាជាមួយអាស៊ាន។
រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី លោកស្រី Retno Marsudi បាននិយាយថា រដ្ឋមន្ត្រីការបរទេសអាស៊ានបានយល់ស្របថា ការសន្ទនាដ៏ទូលំទូលាយ “គឺជាគន្លឹះក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធីចំពោះស្ថានភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា” និងកាត់បន្ថយអំពើហិង្សា។ ការផ្តល់ជំនួយមនុស្សធម៌គឺ “សំខាន់ណាស់ក្នុងការកសាងទំនុកចិត្ត”។
លោកស្រីបាននិយាយថា កង្វះការរីកចម្រើនក្នុងប្រទេសមីយ៉ាន់ម៉ា «សាកល្បងភាពជឿជាក់» របស់អាស៊ានជាក្រុម។ លោកស្រី Marsudi បានបន្ថែមថា ប្រទេសផ្សេងទៀត និងអង្គការសហប្រជាជាតិនឹងសម្របសម្រួលជាមួយអាស៊ានលើបញ្ហាមីយ៉ាន់ម៉ា។
នៅក្នុងកិច្ចប្រជុំកាលពីថ្ងៃទី៣ ខែកុម្ភៈ រដ្ឋមន្ត្រីអាស៊ានក៏បានផ្តល់ឋានៈជាអ្នកសង្កេតការណ៍ដល់ទីម័រខាងកើត មុនពេលប្រទេសនេះក្លាយជាសមាជិកទី ១១ នៃប្លុកនេះ។
រដ្ឋមន្ត្រីការបរទេសទីម័រខាងកើត លោក Adaljiza Magno មានប្រសាសន៍ថា “នេះគឺជាជំហានដ៏សំខាន់មួយនៅក្នុងដំណើរដ៏វែងឆ្ងាយរបស់យើង ដើម្បីចូលរួមជាមួយគ្រួសារអាស៊ាន”៕ ដោយធីរីណា

...

រូប​ថត​ : AP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print