ខេត្តត្បូងឃ្មុំ ៖ ហេតុការណ៍នេះកើតឡើងនៅរសៀលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងឡចំហុយជ័រកៅស៊ូស្ថិតនៅចំណុចរោងសិប្បកម្មកែច្នៃជ័រកៅស៊ូមួយកន្លែងក្នុងភូមិទឹកទុំ ឃុំកំពាន់ ស្រុកមេមត់ ត្រូវបានអគ្គិភ័យឆាបឆេះបង្កឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច ។ ពេលដែលមានភ្លើងឆាបឆេះចេញពីឡចំហុយជ័រកៅស៊ូសន្លឹករបស់ឈ្មោះ ត្រាយ ប៉េង សេង ភេទប្រុស អាយុ៦៥ឆ្នាំ នៅភូមិទឹកទុំ ឃុំកំពាន់ ស្រុកមេមត់ ហើយលោកបានទូរស័ព្ទប្រាប់ទៅកាន់លោកនាយប៉ុស្តិ៍កំពាន់ ដើម្បីឱ្យជួយធ្វើអន្តរាគមន៍។
លោកនាយប៉ុស្តិ៍ក៏បានទាក់ទងមកលោកវរសេនីយ៍ឯកហុង គឹមហឿន អធិការនគរបាលស្រុកមេមត់ ដើម្បីសុំឱ្យរថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកដែលប្រចាំការ២៤ម៉ោងលើ២៤ម៉ោង ចេញមកធ្វើអន្តរាគមន៍មុនគេ។ ដំបូងគេបានឃើញភ្លើងឆេះចេញពីឡចំហុយជ័រកៅស៊ូមួយ ដោយសារតែចម្ងាយផ្លូវឆ្ងាយផងភ្លើងក៏ បានឆាបឆេះរាលទៅឡចំហុយជ័រកៅស៊ូមួយទៀតនៅក្បែរនោះដែលបង្កើតជាអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ។
បន្ទាប់មករថយន្តពន្លត់អគ្គិភ័យនៃអធិការដ្ឋាននគរបាលស្រុកតំបែរបានចេញមកធ្វើអន្តរាគមន៍បាញ់ទឹកពន្លត់ធ្វើឱ្យភ្លើងដែលឆាបឆេះនោះបានរលត់ទៅវិញ និងគ្រប់គ្រងស្ថានការណ៍បាន។ ចំណែករថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋានខេត្ត និងស្រុកពញាក្រែកដែលចេញមកបានពាក់កណ្ដាលផ្លូវក្រោយពីទទួលដំណឹងថាភ្លើងរលត់ហើយក៏ត្រឡប់ទៅអង្គភាពវិញ។
ហេតុការណ៍នេះបណ្ដាលឱ្យខូចខាតក្នុងនោះរួមមាន ជ័រកៅស៊ូចំនួន២ឡ ស្មើ៧តោនស្ងួត ឡចំនួន២សរុបជាទឹកប្រាក់ចំនួន២៣.០០០ដុល្លារ ក្នុងនោះប្រើប្រាស់ឡានទឹកស្រុកមេមត់ និងស្រុកតំបែរ ទើបគ្រប់គ្រងស្ថានភាពបានទាំងស្រុងនៅវេលាម៉ោង១១និង១៥នាទីព្រឹកថ្ងៃដដែល។
នៅក្នុងហេតុការណ៍នេះមិនមានកម្មករណាម្នាក់រងរបួសនោះទេ។ ចំពោះមូលហេតុដែលបង្កឱ្យមានអគ្គិភ័យឆាប ឆេះនេះគឺបណ្តាលមកពីជ័រធ្លាក់ចូលឡកម្តៅជ័រឆ្អិន ហើយភ្លើងក៏បានឆាបឆេះឡើងតែម្ដង៕ ដោយ៖សុរិយា