ភ្នំពេញ ៖ នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្ញើលិខិតថ្លែងអំណរគុណដល់លោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន ដែលបានផ្ញើលិខិតចូលរួមរំលែកទុក្ខ ចំពោះមរណភាពលោកជំទាវ ប៊ុន សុថា ប្អូនស្រីបង្កើតរបស់សម្តេច។
ប្រតិភូគណបក្សភ្លើងទៀន បានដឹកនាំក្រុមការងារ ចូលរួមរំលែកទុក្ខ ចំពោះមរណភាពលោកជំទាវ ប៊ុន សុថា និងផ្ញើសារ លិខិតចូលរួមរំលែកមរណទុក្ខជូនចំពោះ
សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងក្រុមគ្រួសារ
ខ្ញុំមានសេចក្តីក្រៀមក្រំ និងសោកស្ដាយ ដោយទទួលដំណឹងអំពីមរណភាពលោកជំទាវ ប៊ុន សុថា ដែលបានទទួលមរណភាព កាលពីវេលាម៉ោង ៦:១៣នាទីល្ងាចថ្ងៃសុក្រ ១៣ កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងជន្មាយុ ៦៧ឆ្នាំ ដោយរោគាពាធ។
មរណភាពរបស់លោកជំទាវ ប៊ុន សុថា គឺជាការបាត់បង់ប្អូនស្រីជាទីគោរព ស្រឡាញ់ដ៏ធំ ធេងរបស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងជាការបាត់បង់ភរិយា មាតា មាតាក្មេក និងជីដូន ប្រកបដោយព្រហ្មវិហារធម៌ នៃគ្រួសារសព។
តាងនាមថ្នាក់ដឹកនាំ និងសមាជិក សមាជិកានៃគណបក្សភ្លើងទៀន និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមចូលរួមរំលែកមរណទុក្ខដ៏សែនក្រៀមក្រំនេះ ជាមួយ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងក្រុមគ្រួសារ សព និងសូមឧទ្ទិសបួងសួង សូមវិញ្ញាណក្ខន្ធលោកជំទាវ ប៊ុន សុថា បានទៅកាន់សុគតិភព កុំបីឃ្លៀង ឃ្លាតឡើយ។សូម សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ទទួលនូវការគោរពរាប់អានដ៏ជ្រាលជ្រៅ អំពីខ្ញុំ ។
សូមជម្រាបថា លោក ចេប គឹមអ៊ាង អនុប្រធានគណបក្សភ្លើងទៀន នៅរសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានដឹកនាំប្រតិភូជាថ្នាក់ដឹកនាំគណបក្សនេះ ចូលអញ្ជើញគោរពវិញ្ញាណក្ខន្ធលោកជំទាវ ប៊ុន សុថា ភរិយាឯកឧត្តម តាន់ បញ្ញាវុធ ដែលត្រូវជាប្អូនស្រីបង្កើតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។
ប្រតិភូគណបក្សភ្លើងទៀន ទទួលការស្វាគមន៍ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាផងដែរ។
ដោយឡែក សារលិខិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានឲ្យដឹងយ៉ាងដូច្នេះថា «នាងខ្ញុំបានទទួលរួចហើយ នូវលិខិតរំលែកទុក្ខរបស់ឯកឧត្តម ចុះថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៣ និងកម្រងផ្កា ព្រមទាំងបច្ច័យមួយចំនួន។
នាងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះឯកឧត្តមប្រធានគណបក្សភ្លើងទៀន ដែលបានចាត់តំណាងគណៈប្រតិភូ មកចូលរួមគោរពវិញ្ញាណក្ខន្ធ ប្អូនស្រីបង្កើតរបស់នាងខ្ញុំ” ៕
ដោយ : សិលា