ខេត្តព្រៃវែង÷នាព្រឹកថ្ងៃអាទិត្យ ១៥កើត ខែមាឃ ឆ្នាំ ខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង អនុ ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុម ការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វ ផ្សាយសេចក្ដីសម្រេចចិត្ត នៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស របស់គណបក្សប្រជាជនកម្ពុជា នៅខេត្តព្រៃវែង ។
លោក ស្បោង សារ៉ាត់ ប្រធានគណៈកម្មាធិការគណបក្ស ខេត្តព្រៃវែង បានរាយការណ៍ជូនសម្ដេចក្រឡាហោមនិង
អង្គពីធី អំពីវឌ្ឍនភាពការងារគណបក្ស ពិសេសការកសាងកម្លាំងគាំទ្រនៅមូលដ្ឋាន ក្នុងដំណើរឈានឆ្ពោះ ទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នៃរដ្ឋសភា។ ជាមួយគ្នានោះដែរលោក ជា សុមេធី អនុប្រធានគណៈកម្មាធិការគណបក្សខេត្ត បានអានសេចក្ដីសម្រេចមហាសន្និបាតវិសាមញ្ញគណបក្ស។
អញ្ជើញមានប្រសាសន៍នាឱកាសនោះ សម្ដេចក្រឡាមហោម ស ខេង បានថ្លែងអំណរគុណឯកឧត្តម លោក ជំទាវ អស់លោក លោកស្រី ជាថ្នាក់ដឹកនាំក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែងថ្នាក់ដឹកនាំគណៈកម្មា ធិការគណបក្សខេត្តព្រៃវែង ព្រមទាំងសមាជិកសមាជិការគណបក្ស ដែលបានខិតខំបំពេញតួនាទី និងភារកិច្ចបម្រើជាតិ និងប្រជាជនយ៉ាងល្អ ធ្វើឱ្យគណបក្ស និងរាជរដ្ឋាភិបាលបន្តទទួលបានការគាំទ្រ និងចូលរួមពីប្រជាពលរដ្ឋ ក្នុងការអនុវត្តគោលនយោបាយនានា។
នាឱកាសនោះដែរ សម្ដេចក្រឡាហោមមានប្រសាសន៍ថា រាល់ខ្លឹមសារនៃឯកសារនានា ដែលគណបក្សបាន សម្រេចអនុម័តក្នុងមហាសន្និបាតវិសាមញ្ញកាលពីពេលថ្មីៗ និងត្រូវបានយកមកផ្សព្វផ្សាយជាបន្តបន្ទាប់នេះត្រូវ ការចំណុចសំខាន់មួយធំបំផុតមួយ គឺការឈ្នះឆ្នោត ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ដើម្បីគណបក្ស និងរាជរដ្ឋាភិបាលមានលទ្ធភាពយកខ្លឹមសារទាំងនេះទៅអនុវត្តជាក់ស្ដែង នាំមកនូវវឌ្ឍនភាពថ្មីៗបន្ថែមទៀតជូនជាតិ និងប្រជាជន។
សម្ដេចក្រឡាហោម ស ខេង បានក៏ផ្ដល់ទស្សនទានជូនអង្គពិធីដែរ អំពីសភាពការណ៍អន្តរជាតិដោយប្រសាសន៍ថាទន្ទឹមគ្នានឹងបញ្ហាប្រឈមនៃសភាពការណ៍តំបន់និង អន្តរជាតិនោះ នៅក្នុងប្រទេសឯណេះវិញ ក្រុមប្រឆាំងជ្រុលនិយមនៅតែបន្តធ្វើសកម្មភាពញ៉ុះញង់ អុចអាល បំប៉ោង បំភ្លៃការពិតក្នុងសង្គម ប៉ុនប៉ងបង្កឱ្យមានចលាចល និងអស្ថិតរភាពក្នុងសង្គម ដើម្បីបម្រើមហិច្ចតាផ្ដូលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្រប តាមគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។
សម្ដេចក្រឡាហោមបន្តថា ទោះបីមានការប្រឈមទាំងក្រៅ និងក្នុងប្រទេសដូចលើកឡើង រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចតេជោជាប្រមុខ បានបន្តរក្សាបានសុខសន្តិភាព និងស្ថិរភាពជាតិ សម្រេចបានវឌ្ឍន ភាពការងារជាតិជាច្រើន ដូចជាការគ្រប់គ្រងជំងឺកូវីដ- ១៩ ការបើកសកម្មភាពសេដ្ឋកិច្ច និងសង្គម ឡើងវិញ ការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងការដាក់ចេញគោលនយោបាយជួយសម្រាលទុក្ខលំបាកប្រជាពលរដ្ឋដោយសារវិបត្តិកូវីដ-១៩ និងឥទ្ធិពលសង្គ្រាមខាងក្រៅប្រទេសជាដើម។
ពីវេទិកានោះដែរ សម្ដេចក្រឡាហោម ស ខេង បង្ហាញក្ដីសង្ឃឹមថា ថ្នាក់ដឹកនាំ និងសមាជិក សមាជិការក្រុមការ ងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង គណៈកម្មាធិការគណបក្សខេត្តព្រៃវែងនិងបណ្ដាយន្តការគណបក្សផ្សេង ទៀត នឹងបន្តរួមគ្នាខិតខំបម្រើប្រជាពលរដ្ឋ ក្នុងនោះរួមទាំងការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដើម្បីចូលរួមធានាស្ថិរភាពសង្គម ពិសេសខិតខំធ្វើយ៉ាងណាសម្រេចឱ្យបានជោគជ័យជាបន្តទៀត ការបោះឆ្នោតឆ្នាំ២០២៣ និងការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមជាដើម៕