ខេត្តបាត់ដំបង៖ យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃចន្ទទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានឱ្យដឹងថា កម្លាំងនគរបាលស្រុកថ្មគោល បានឃាត់ខ្លួនយុវជនម្នាក់ ក្នុងករណីរំលោភលេីទំនុកចិត្តខ្ចីម៉ូតូជិះយកទៅបាត់។
ប្រភពដដែលបន្តថា លោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល កាលពីល្ងាចថ្ងៃអាទិត្យទី៥ ខែកុម្ភៈ ឆ្នាំ២០២៣ម្សិលមិញ បានដឹកនាំកម្លាំងផ្នែកជំនាញនិងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រៃ ស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យឈ្មោះ ផល ឧត្តម ភេទប្រុស អាយុ២២ឆ្នាំ នៅចំណុចរោងម៉ាស៊ីនកិនស្រូវបៃតងនិងដកហូតបានម៉ូតូ០១គ្រឿងម៉ាកអ៉ិចសិនទ័រ ពណ៌ក្រហម បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកថ្មគោល ដើម្បីធ្វើការសាកសួរ។
សូមជម្រាបជូនថា មូលហេតុដែលនាំដល់ការឃាត់ខ្លួននេះគឺកាលពីថ្ងៃទី៣១ខែមករា ឆ្នាំ២០២៣ វេលាម៉ោង១៤និង១០នាទីសមត្ថកិច្ចនគរបាលទទួលពាក្យបណ្ដឹងពីជនរងគ្រោះឈ្មោះ ង៉ាន់ គឹមហុង ភេទប្រុស អាយុ ១៨ឆ្នាំ ស្នាក់នៅ ភូមិហៃសាន ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង បានប្តឹងទៅលើឈ្មោះ ផល ឧត្តម ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិតាង៉ែន ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ថាបានខ្ចីម៉ូតូរបស់ខ្លួន០១គ្រឿង ម៉ាកអ៉ិចសិនទ័រ ស៊េរី២០២១ ពណ៌ក្រហម គ្មានស្លាកលេខ ជិះកាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ ហើយជិះបាត់រហូតតែម្តងមិនឃេីញយកម៉ូតូមកឱ្យខ្លួនវិញឡេីយ។
ជាក់ស្ដែងយោងតាមរយៈពាក្យបណ្តឹនេះសមត្ថកិច្ចស្រាវជ្រាវរហូតរកជនសង័្សយខាងលេីឃេីញនិងដកហូតម៉ូតូរបស់ជនរងគ្រោះវិញ។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅក្នុងអធិការដ្ឋាននគរបាលស្រុកថ្មគោល ដើម្បីរៀបចំសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ រីឯម៉ូតូនឹងប្រគល់ជូនជនរងគ្រោះវិញ៕ ដោយ៖សហការី