អាជ្ញាធរជាតិអប្សរា បង្ហាញពីបច្ចេកទេសការថែទាំ និងអភិរក្សផលិតផលតម្បាញនៅក្នុងសារមន្ទីរវាយនភ័ណ្ឌប្រពៃណីអាស៊ីនៅខេត្តសៀមរាប

ចែករំលែក៖

 

ខេត្តសៀមរាប÷សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ីនៅក្នុងខេត្តសៀមរាប អាចជាសារមន្ទីរដំបូងគេនៃព្រះរាជាណាចក្រកម្ពុជា ដែលមានដាក់តាំងបង្ហាញរបស់ប្រើប្រាស់ផលិតចេញពីសរសៃសូត្រ សរសៃកប្បាស សរសៃអំបោះ សរសៃគ សំបកឈើ រោមសត្វ តាមបែបប្រពៃណីផ្សេងៗគ្នា រួមទាំងជាសម្លៀកបំពាក់សហ សម័យ មកពីបណ្តាប្រទេសចំនួន៦ ដែលរស់នៅតាមដងទន្លេមេគង្គ និងទន្លេគង្គារ។ផលិតផលធ្វើអំពីសូត្រ អំបោះរុក្ខជាតិ និងរោមសត្វ ដែលគេយកមកតាំងបង្ហាញទាំងនោះ មានដូចជាសម្លៀកបំពាក់ មួក ស្រោមដៃ ស្រោមជើង កន្សែង ឆ្នួត និងវត្ថុធាតុដើមជាច្រើនទៀត រួមទាំងឧបករណ៍តម្បាញផងដែរ។ 

ក្រុមអ្នកជំនាញរបស់សារមន្ទីរ បានយកចិត្តទុកដាក់ប្រើប្រាស់បច្ចេកទេសយ៉ាងត្រឹមត្រូវ ដើម្បីថែទាំ ការពារ និងអភិរក្សសមុច្ច័យទាំងនោះមិនឱ្យខូចខាតទៅតាមអាយុកាល និងពេលវេលាឡើយ បើទោះបីជាសមុច្ច័យទាំងនោះ មានអាយុកាលច្រើនឆ្នាំមកហើយក៏ដោយ។

នាយកស្តីទី នៃសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី លោក សែន គឹមស៊ុន បានឱ្យដឹងថា ផលិតផលធ្វើពីសូត្រ អំបោះរុក្ខជាតិ និងរោមសត្វទាំងអស់ ដែលបានតាំងបង្ហាញនៅក្នុងសារមន្ទីរមិនមែនតាំងសម្រាប់តែ១ឆ្នាំ ឬ២ឆ្នាំ ហើយពេលវាខូចមិនត្រូវបោះចោលនោះទេ គឺក្រុមអ្នកជំនាញមានបច្ចេកទេសត្រឹមត្រូវ ក្នុងការថែរក្សារបស់ទាំងនោះឱ្យស្ថិតនៅបានយូរអង្វែងតទៅទៀតតាមដែលអាចធ្វើបាន។ 

លោកបានបន្ដថាសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ីមានគោលការណ៍ពីរក្នុងការអភិរក្ស ផលិតផលសូត្រទាំងនោះ ដើម្បីរក្សាទុកឱ្យបានយូរអង្វែង គឺត្រូវការអភិរក្សយ៉ាងយកចិត្តទុកដាក់នៅមុនពេលខូចខាត ដោយគិតពីបច្ចេកទេស តាំងតែពីការរៀបចំដាក់តាំង ដើម្បីកុំឱ្យប៉ះពាល់ដល់សមុច្ច័យ ដូចជាការព្យួរ និងដាក់ក្នុងទូរជៀសវាងសមុច្ច័យទាំងនោះកុំឱ្យទៅប៉ះផ្ទាល់ជាមួយដែក ឬឈើ ដែលអាចនាំឱ្យមេឬសត្វល្អិតស៊ី និងធ្វើឱ្យកកិតជាដើម។ រៀងរាល់ព្រឹកត្រូវបើកបង្អូច និងទ្វារ ក្នុងរយ:ពេលខ្លី កុំឱ្យមានក្លិនផ្អួរនៅក្នុងសាលពិព័រណ៌នីមួយៗ សម្អាតកម្រាល និងជើងទម្រជាប្រចាំ ផ្លាស់ប្តូរទីតាំងជើងទម្រ ដើម្បីសម្អាតជៀសវាងមានធូរលីកុំឱ្យមានសត្វល្អិត ឬធូរលីតោងជាប់វត្ថុទាំងនោះអាចនាំឱ្យមានបញ្ហាដល់សមុច្ច័យបាន។ ត្រូវដាក់ថ្នាំសម្លាប់សត្វល្អិតនៅតាមជ្រុង និងទ្វារនៃសាលពិព័រណ៍ និងដាក់របាំងការពារសត្វកណ្តុរ។ ចំណុចយកចិត្តទុកដាក់មួយទៀត គឺនៅពេលដែលសមុច្ច័យខូចខាត គឺត្រូវជួសជុលភ្លាមៗទៅតាមបច្ចេកទេស ដែលសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ធ្លាប់ទទួលបានការបង្ហាត់បង្រៀនពីអ្នកជំនាញឱ្យចេះពីវិធីជួសជុល និងសង្រ្គោះផលិតផលទាំងនោះឱ្យរួចផុតពីហានិភ័យ។ 

លោកបានឱ្យដឹងទៀតថា ទាក់ទងនឹងសាលសម្រាប់ដាក់តាំងពិព័ណ៌ទៀតសោត ក៏ត្រូវគ្រប់គ្រងពន្លឺអំពូលភ្លើងឱ្យបានសមស្រប ជៀសវាងការហើរពណ៌របស់ផលិតផល។ ម្យ៉ាងវិញទៀត ការកំណត់សីតុណ្ហភាពរឹតតែសំខាន់ ដោយនៅគ្រប់សាលពិព័រណ៍ គឺទាមទារឱ្យមានឧបករណ៍សម្រាប់វាស់សីតុណ្ហភាពជាប្រចាំ សម្រាប់ពិនិត្យតាមដាន កំណត់កម្តៅត្រឹម៣០អង្សា និងសំណើម ៦៥ភាគរយ។ មន្ត្រីនៃសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ឱ្យដឹងទៀតថា ដើម្បីសុវត្ថិភាពក្នុងការថែរក្សាផលិតផលទាំងនោះឱ្យបានយូរអង្វែង សារមន្ទីរ ក៏មានដាក់បម្រាមសម្រាប់ភ្ញៀវ ដែលចូលមកទស្សនាទាំងឡាយ ហាមយកចំណីអាហារ និងភេសជ្ជ:ចូល ហាមប៉ះ ឬស្ទាបជាដើម ដែលអាចនឹងនាំមកនូវហានិភ័យផ្សេងៗ ដល់សមុច្ច័យផងដែរ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print