សហគមន៍អឺរ៉ុបបានសម្រេចបញ្ជុនក្រុមជួយសង្គ្រោះ១០ក្រុម មកពីបណ្តាប្រទេសសមាជិក ទៅកាន់តំបន់ដែលរងផលប៉ះពាលដោយសារតែការរញ្ជួយដីកម្រិតខ្លាំង ។ តំណាងជាន់ខ្ពស់ទទួលបន្ទុកសន្តិសុខនិងកិច្ចការបរទេសរបស់សហគមន៍អឺរ៉ុប លោក Josep Borrell និងមន្ត្រីទទួលបន្ទុកគ្រោះអាសន្នរបស់អឺរ៉ុប គឺលោក Janez Lenarcic បានលើកឡើងថា ក្រុមជួយសង្គ្រោះមកពីប្រទេស ប៊ុលហ្គារី ក្រូអាត ឆេក បារាំង ក្រិច ហុល្លង់ ប៉ូឡូញ និងរ៉ូម៉ានី ទៅជួយដល់ប្រទេសទួរគី ។ ក្នុងពេលនេះដែរ ប្រទេសអុីតាលី ហុងគ្រី ក៏បានប្រកាសបញ្ជូនក្រុមជំនួយទៅជួយ
ទួរគីដែរ។
សារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ បានផ្សាយថា មកទល់ឥឡូវ ចំនួនអ្នកស្លាប់បានបន្តកើនជិតដល់ ១,៤០០នាក់ហើយ បន្ទាប់ពីគ្រោះរញ្ជួយផែនដីដ៏សាហាវខ្លាំងក្លាបំផុតមួយ បានវាយប្រហារចំប្រទេសទួរគីនិងស៉ីរី កាលពីវេលាទៀបភ្លឺថ្ងៃចន្ទនេះ។
ប្រធានាធិបតីទួរគីលោក Recep Tayyip Erdogan បានប្រាប់ថា មនុស្សយ៉ាងហោចណាស់ចំនួន៩១២នាក់ បានបាត់បង់ជីវិត នៅក្នុងប្រទេសរបស់លោក។ ដោយឡែក ក្នុងប្រទេសស៉ីរីវិញដែលនៅក្បែរខាងវិញ តួលេខចុងក្រោយបានបង្ហាញថា មនុស្សយ៉ាងតិច ៤៧៣នាក់បានស្លាប់ផងដែរ។ មិនតែប៉ុណ្ណោះ ក្រៅពីមនុស្សស្លាប់យ៉ាងរង្គាលបែបនេះ អគាររាប់ពាន់ខ្នងបានដួលរំលំខ្ទេចខ្ទី នៅក្នុងប្រទេសទាំងពីរ ហើយមនុស្សជាច្រើននាក់ត្រូវគេជឿថានៅកប់ក្រោមគំនរបែកបាក់។ រីឯចំនួនអ្នករងរបួសវិញគឺខ្ទង់រាប់ពាន់នាក់។
ទីភ្នាក់ងារតាមដានគ្រោះរញ្ជួយដីអាមេរិក USGS បាននិយាយថា ចំណុចរំញ័ររបស់គ្រោះរញ្ជួយដីខាងលើ ស្ថិតនៅក្បែរទីក្រុងមួយឈ្មោះ ហ្កាហ្សៀនតិប (Gaziantep) របស់ទួរគី ដែលមានមនុស្សរស់នៅប្រហែល២លាននាក់ ហើយវាមានជម្រៅប្រហែល១៨គីឡូម៉ែត្រក្រោមផ្ទៃដី។ ទីក្រុងវ៉ាស៉ីនតោន សហភាពអឺរ៉ុប
រុស្ស៉ី និងអ៉ីស្រាអែល ជាដើម បានចេញមុខភ្លាមៗចូលរួមសម្តែងការសោកស្តាយចំពោះសោកនាដកម្មនេះ ហើយបាននាំគ្នាស្នើផ្តល់ជំនួយដល់ទួរគីក៏ដូចជាស៉ីរី។
កាលពីឆ្នាំ១៩៩៩ ទួរគីបានទទួលរងការវាយប្រហារដោយគ្រោះរញ្ជួយដីកម្រិត ៧.៤រ៉ិចទ័រ ដែលបានផ្តាច់ជីវិតមនុស្សជាង ១៧,០០០នាក់ ខណៈកាលពីឆ្នាំ១៩៣៩ គ្រោះរញ្ជួយដីកម្រិត៧.៨រ៉ិចទ័រ បានសម្លាប់មនុស្សរហូតដល់៣៣,០០០នាក់ នៅក្នុងប្រទេសនេះ៕ ដោយធីរីណា
រូបថត : Getty Images