ក្រសួងការបរទេស ៖ «សិក្ខាសាលាស្ដីពីវឌ្ឍនភាពការងារការទូតសេដ្ឋកិច្ចឆ្នាំ២០២១-២០២៣»

ចែករំលែក៖

ភ្នំពេញ : នៅថ្ងៃទី ០៧ ខែកុម្ភៈ ឆ្នាំ២០២៣ ម្សិលមិញ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុង “សិក្ខាសាលា វឌ្ឍនភាពការងារការទូតសេដ្ឋកិច្ចឆ្នាំ២០២១-២០២៣» នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ ដែលបាន រៀបចំឡើងដោយក្រុមការងារសម្របសម្រួលការទូតសេដ្ឋកិច្ច នៃក្រសួងការបរទេស និងសហ ប្រតិបត្តិការអន្តរជាតិ នៅសណ្ឋាគារ Hyatt Regency Phnom Penh តាមទម្រង់ Hybrid។

សិក្ខាសាលានេះមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងតំណាងវិស័យឯកជន សរុបប្រមាណ ៤០០ នាក់។ សិក្ខាសាលាខាងលើមានគោលបំណង៖
-១) តាមដាន និងបូកសរុបសមិទ្ធផលការងារ ការទូតសេដ្ឋកិច្ចប្រចាំឆ្នាំ២០២២
– និង២) ប្រមូលធាតុចូលបន្ថែមពីក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បី ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរក្រសួង និងជាមួយវិស័យឯកជន ក្នុងវិស័យការទូតសេដ្ឋកិច្ច។

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានវាយតម្លៃខ្ពស់លើការរៀបចំសិក្ខាសាលា នាពេលនេះ និងបានកោតសរសើរលើកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារសម្របសម្រួលការទូត សេដ្ឋកិច្ច ដែលសម្រេចបានសមិទ្ធផលធំៗនាពេលកន្លងមក។ លោកឧបនាយករដ្ឋមន្តី្រ ក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃភាពជាដៃគូរវាងក្រសួង-ស្ថាប័នពាក់ព័ន្ធជាមួយវិស័យឯកជន ក្នុងការអនុវត្តយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ច និងបានជំរុញឱ្យកិច្ចសហប្រតិបត្តិការនេះកាន់តែមាន ប្រសិទ្ធភាព ដើម្បីចូលរួមចំណែកលើកស្ទួយការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមជាតិ។ ក្នុងនោះផងដែរ លោកឧបនាយករដ្ឋមន្ត្រី ក៏បានផ្ដល់អនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ ដើម្បីសម្រួចការអនុវត្ត យុទ្ធសាស្ត្រការទូតសេដ្ឋកិច្ចឆ្នាំ២០២៣ និងទិសដៅបន្ត។

កម្មវិធីនេះមានការធ្វើបទបង្ហាញស្តីពី :
– ១) សមិទ្ធផលធំៗដែលក្រុមការងារសម្របសម្រួលការទូត សេដ្ឋកិច្ច និងស្ថានតំណាងកម្ពុជានៅបរទេសសម្រេចបានក្នុងឆ្នាំ២០២២
– ២) ផែនការអភិវឌ្ឍន៍ ធនធានមន្ត្រីការទូតក្នុងវិស័យការទូតសេដ្ឋកិច្ច របស់វិទ្យាស្ថានជាតិការទូតនិងទំនាក់ទំនងអន្តរជាតិ
– និង ៣) ផែនការយុទ្ធសាស្ត្រ និងគោលនយោបាយសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និង កសិកម្ម៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print