ភ្នំពេញ : នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ ស្ថានឯកអគ្គរដ្ឋទូត សាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បានបញ្ជាក់ថា, នាព្រឹកថ្ងៃទី៧ខែកុម្ភៈ លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា, លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍, លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល, លោក កើត ឆែ អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញទទួលស្វាគមន៍ភ្ញៀវទេសចរចិននៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ លោក Lin Ruihua ទីប្រឹក្សាវប្បធម៌ និង លោក Shi Weiwei នាយកផ្នែកនយោបាយនៃស្ថានទូតចិនប្រចាំកម្ពុជាអញ្ជើញមានវត្តមានក្នុងពិធីខាងលើ។
ក្នុងពិធីខាងលើក៏មានការអមដោយរបាំឆៃយ៉ាំប្រពៃណីខ្មែរ អ្នកដំណើរចំនួន១២២នាក់ដែលធ្វើដំណើរចេញពីរដ្ឋធានីប៉េកាំងមកកាន់រាជធានីភ្នំពេញតាមជើងហោះហើរ បានចុះពីយន្តហោះតាមជណ្ដើរ។ លោកឯកអគ្គរដ្ឋទូតចិន និង ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជូនក្រមានិងកម្រងផ្កាដល់ភ្ញៀវទេសចរគ្រប់រូប និងភ្ជាប់ជាមួយពាក្យពេចន៍ជូនពរនិងការស្វាគមន៍យ៉ាងកក់ក្តៅ។
ចាប់ពីថ្ងៃទី៦ខែកុម្ភៈមក ប្រទេសចិនបានបើកដំណើរការសារជាថ្មីនូវក្រុមហ៊ុនទេសចរណ៍ទូទាំងប្រទេសនិងក្រុមហ៊ុនទេសចរណ៍តាមអ៊ីនធើណេតដែលមានការរៀបចំដំណើរទេសចរណ៍ជាក្រុម ក៏ដូចជាសេវាកម្ម“សំបុត្រយន្តហោះ+សណ្ឋាគារ”សម្រាប់ប្រជាជនចិនដែលធ្វើដំណើរមកកាន់ប្រទេសកម្ពុជា។ ក្រសួងទេសចរណ៍កម្ពុជាបានលើកឡើងថា សូមស្វាគមន៍ភ្ញៀវទេសចរចិនយ៉ាងកក់ក្ដៅ និងបានត្រៀមខ្លួនរួចជាស្រេចក្នុងការស្វាគមន៍ភ្ញៀវទេសចរចិន ៕
ដោយ : សិលា