ភ្នំពេញ៖ បុរសម្នាក់បន្ទាប់ពីចេញពីធ្វេីការមកដល់បន្ទប់វិញឃេីញប្អូនមិនស្រួលខ្លួនក៏ដឹកតាមម៉ូតូទៅមន្ទីរពេទ្យ តែអកុសលប្អូនរបស់គាត់ត្រូវបានក្រុមគ្រូពេទ្យបញ្ជាក់ប្រាប់ថាបានស្លាប់បាត់ទៅហេីយ ទេីបនាំគ្នាដឹកមកតម្កល់ទុកនៅវត្តជម្ពូវ័ន ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោង១២និង២០នាទីរសៀលថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣។
  ជនរងគ្រោះឈ្មោះ  ឆន ពន្លក ភេទប្រុសអាយុ២០ឆ្នាំ មុខរបរកម្មករលេីកកាតុងនៅផែអ៊ុយញ៉ុង  មានស្រុកកំណើតនៅភូមិថ្មីឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ  បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលក្នុងភូមិជម្ពូវ័ន១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។
តាមការបំភ្លឺរបស់ឈ្មោះ ឆន ពូលូ ភេទប្រុស អាយុ២៣ឆ្នាំ  មុខរបរអ្នកលេីកកាតុងនៅផែស្ងួតអ៊ុយញ៉ុង ត្រូវជាបងរបស់ជនរងគ្រោះបានឱ្យដឹងថា នៅមុនពេលកេីតហេតុជនរងគ្រោះមិនស្រួលខ្លួន។ ពេលឃើញដូចនេះគាត់ក៏បានដឹកជនរងគ្រោះតាមម៉ូតូទៅមន្ទីរពេទ្យ  ឯកជនមួយកន្លែងនៅតាមផ្លូវចូលរោង ចក្រ QMI  (មិនស្គាល់ឈ្មោះ)។ ក្រោយមកក្រុមគ្រូពេទ្យបានប្រាប់ឱ្យគាត់ដឹកទៅមន្ទីរពេទ្យព្រះសង្ឃ។ ពេលនោះគាត់បម្រុងដឹកប្អូនទៅមន្ទីរពេទ្យព្រះសង្ឃ តែអកុសលជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហេីយ ក៏បានដឹកសពមកវត្តជម្ពូវ័នតែម្ដង។
បច្ចុប្បន្ន សព រង់ចាំសមត្ថកិច្ចជំនាញ   មកធ្វើកោសល្យវិច័យ៕
 
 
ដោយ៖សុខាសែនជ័យ

			







