លោកសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា៖​ បច្ចុប្បន្នបញ្ហាប្រឈមនៃការផ្តល់សេវាអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតា គឺនៅតែមានបញ្ហាចំពោះប្រជាពលរដ្ឋធ្វើចំណាក់ស្រុក ទាំងក្នុងប្រទេស និងក្រៅប្រទេស

ចែករំលែក៖

ភ្នំពេញ៖​ នាយកដ្ឋានព័ត៌មានវិទ្យា​ នៃក្រសួងមហាផ្ទៃ បានឱ្យដឹងថា​ នាព្រឹកថ្ងៃចន្ទ ទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣នេះ​ ក្រសួង​មហាផ្ទៃ​ បានបើកកិច្ចប្រជុំពិនិត្យសេចក្តីព្រាងរបាយការណ៍ និងវឌ្ឍនភាពនៃការផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតា របស់ក្រុមការងារទទួលខុសត្រូវដឹកនាំ និងជំរុញការផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតា ក្រោមអធិបតីភាព លោកសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារទទួលខុសត្រូវដឹកនាំ និងជំរុញការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរទុតិយតា ដោយមានការអញ្ជើញចូលរួមពី អនុប្រធាន សមាជិក នៃក្រុមការងារទទួលខុសត្រូវដឹកនាំ និងជំរុញការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរទុតិយតា ព្រមទាំងមន្ត្រីពាក់ព័ន្ធផងដែរ។

លោកសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា បានសម្តែងការស្វាគមន៍ និងមានប្រសាសន៍ថា កិច្ចប្រជុំថ្ងៃនេះគឺ ដើម្បីពិនិត្យ ពិភាក្សាដោះស្រាយបញ្ហាប្រឈម សំណូមពរ ព្រមទាំងរៀបចំផែនការទិសដៅបន្តសម្រាប់ក្រុមការងារទទួលខុសត្រូវដឹកនាំ និងជំរុញការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរទុតិយតា ដើម្បីពង្រឹងប្រព័ន្ធនីតិវីធីផ្តល់សេវា និងបច្ចេកទេសឱ្យកាន់តែស៊ីជម្រៅថែមទៀត លើការងារផ្តល់សេវាអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរទុតិយតាឱ្យសម្រេចបានតាមការគ្រោងទុក។ ជាមួយគ្នានេះ​ លោកសន្តិបណ្ឌិត បានមានប្រសាសន៍ថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់របស់ក្រុមការងារថ្នាក់ជាតិ និងក្រោមជាតិ ដែលបានយកចិត្តទុកដាក់ជំរុញការងារផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតា ទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់។

នាឱកាសនោះ លោកឧត្តមសេនីយ៍ឯក ប្រុក ម៉ៃឧត្តម អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអានសេចក្ដីព្រាងរបាយការណ៍ស្តីពីការអនុវត្តផែនការយុទ្ធនាការជំរុញផ្តល់អត្ដសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតា (អស់សុពលភាព) ខែធ្នូ និងខែមករា ឆ្នាំ២០២២-២០២៣ ថា ការផ្តល់អត្ដសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋគ្រប់អាយុ១៥ឆ្នាំឡើង គិតត្រឹមថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ បានចំនួនសរុប ១២.៦៣៤.៣១៦ នាក់ (ដប់ពីរលានប្រាំមួយសែនបីម៉ឺនបួនពាន់បីរយដប់ប្រាំមួយ), ការផ្តល់អត្ដសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតា ចាប់ពីខែមីនា រហូតដល់ត្រឹមថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ បានចំនួន ៦២៦.៥០២នាក់ (ប្រាំមួយសែនពីរម៉ឺនប្រាំមួយពាន់ប្រាំរយពីរ) ស្នើនឹង(៣៦)% នៃនិន្នន័យអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មីដែលត្រូវអស់សុពលភាពក្នុងឆ្នាំ២០២២ រហូតដល់ត្រឹមថ្ងៃទី២៣ ខែកក្តដា ឆ្នាំ២០២៣ មានចំនួនសរុប ១.៧២៧.០៩៤ នាក់។

ទន្ទឹមនេះដែរ លោកឧត្តមសេនីយ៍ឯក បានបន្តថា សម្រាប់ទិន្នន័យដែលនៅសេសសល់ ជាទិសដៅបន្ត អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក៏ដូចជាក្រុមការងារទទួលខុសត្រូវដឹកនាំ និងជំរុញការផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតា នឹងបង្កើនការផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយនានា, ជំរុញដល់អង្គភាពពាក់ព័ន្ធ ទាំងថ្នាក់ជាតិ និងក្រោមជាតិ និងបន្តសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ទាំងវិស័យរដ្ឋ និងឯកជន ដើម្បីឱ្យមានការចូលរួមពីគ្រប់ភាគី និងប្រជាពលរដ្ឋ បានចូលរួមក្នុងយុទ្ធនាការផ្តល់អត្តសញ្ញាណប័ណ្ណនេះទទួលបានជោគជ័យ និងសម្រេចបានតាមផែនការ។

លោកសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារ បានស្នើដល់អង្គប្រជុំឱ្យចូលរួមពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងរបាយការណ៍ និងទិសដៅបន្ត ដើម្បីឱ្យដំណើរការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតា ឱ្យទទួលបានសមិទ្ធផលជាអតិបរិមាកាន់តែប្រសើរថែមទៀត។

លោកសន្តិបណ្ឌិត បានណែនាំដល់ក្រុមការងារឱ្យបន្តយកចិត្តទុកដាក់បន្ថែមទៀត និងខិតខំប្រឹងប្រែងជំរុញការផ្តល់សេវាអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតាឱ្យអស់លទ្ធភាពតាមដែលអាចធ្វើបាន។ សន្តិបណ្ឌិត បានគូសបញ្ជាក់ថា បច្ចុប្បន្នបញ្ហាប្រឈមនៃការផ្តល់សេវាអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតា គឺនៅតែមានបញ្ហាចំពោះប្រជាពលរដ្ឋធ្វើចំណាក់ស្រុក ទាំងក្នុងប្រទេស និងក្រៅប្រទេស។ ជាមួយគ្នានោះ លោកសន្តិបណ្ឌិត បានណែនាំដល់ក្រុមការងារជំនាញ និងមន្ត្រីពាក់ព័ន្ធឱ្យសិក្សាលើបច្ចេកទេសថ្មីបន្ថែមទៀត ដើម្បីជាទិសដៅបន្ត ដែលអាចឱ្យការផ្តល់សេវាអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតានេះ មានលទ្ធភាពផ្តល់ជូនប្រជាពលរដ្ឋបាននៅទូទាំងប្រទេស គឺសម្រាប់បង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋដែលធ្វើចំណាក់ស្រុក ដោយលោក បានបញ្ជាក់បន្ថែមថា គឺផ្តល់តែសម្រាប់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតាប៉ុណ្ណោះ (អស់សុពលភាព តែស្ថិតនៅក្នុងទិន្នន័យចាស់) ដោយឡែកសម្រាប់ការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរថ្មី ត្រូវតែធ្វើនៅតាមមូលដ្ឋានរស់នៅរបស់ប្រជាពលរដ្ឋដដែល កឺដើម្បីជៀសវាងស្ទួនទិន្នន័យ ឬពិបាកក្នុងការគ្រប់គ្រងរបស់មូលដ្ឋាននីមួយៗ។

លោកសន្តិបណ្ឌិត បានបញ្ជាក់បន្ថែមថា ពាក់ព័ន្ធនឹងការងារផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតានេះ ទាមទារឱ្យអង្គភាព និងមន្ត្រីជំនាញពាក់ព័ន្ធ ទាំងថ្នាក់ជាតិ និងក្រោមជាតិ ត្រូវតែចូលរួមខិតខំជំរុញ និងអនុវត្តឱ្យអស់ពីសមត្ថភាពរៀងៗខ្លួន៕

...

ដោយ៖ស​ តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print