ភ្នំពេញ ៖ រថយន្ត១គ្រឿងដឹករបងដែកលួសបើកបរក្នុងល្បឿនលឿន ខណៈដល់ចំណុចផ្លូវប្រសព្វភ្លើងស្តុបមិនបង្អង់ល្បឿហើយបួងចង្កូតរថយន្តជ្រុលរេក្រឡាប់ផ្ញារជើងច្រងាង បង្កអោយមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១៣ និង៤០នាទីថ្ងៃទី០៩ ខែកុម្ភះ ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវជាតិលេខ១ ចំណុចស្តុបវត្តនិរោធ ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ ។
ររថយន្តដែលបង្កគ្រោះថ្នាក់ដោយខ្លួនឯងនេះជារថយន្តកូរ៉េដឹកទំនិញ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-7947 បើកបរដោយបុរសម្នាក់ រួមដំណើរដោយព្រូល២នាក់ផ្សេងទៀត ។
ប្រភពព័ត៌មានកន្លែងកើតហេតុឲ្យដឹងថា ដំបូងឡើយគេសង្គេតឃើញរថយន្តបង្កបើកបរធ្វើដំណើរចេញពីផ្លូវបេតុងដែលនៅជាប់នឹងរបងវត្តនិរោធ សំដៅឡើងទៅលើផ្លូវជាតិលេខ១ ពោលក្នុងទិសដៅពីជើងទៅទិសខាងកើតវិញ ដោយបត់ទៅខាងឆ្វេងដៃ បំណងសំដៅឡើងទៅស្ពានព្រះមុន្នីវង្ស ។ កំឡុងពេលនោះ ដោយរថយន្តបើកលឿន ហើយបានបួងចង្កូតទាំងប្រញ៉ាប់មិនបានប្រយ័ត្ន បណ្តាលអោយរេចង្កូតរថយន្ត ហើយដួលបោកទៅនឹងផ្លូវក្រឡាប់ផ្ញារជើងទាំងកំរោលតែម្តងទៅ ។
ភ្លាមៗនោះ តៃកុងរថយន្តបង្ក បានបើកទ្វាររថយន្តចេញ ទៅហើយ ហើយរត់គេចបាត់ស្រមោលសូន្យ នៅសល់តែព្រូលរថយន្ត២នាក់ប៉ុណ្ណោះ ត្រូវសមត្ថកិច្ចឃាត់សួរនាំ ដើម្បីទំនាក់ទំនងទៅខាងក្រុមហ៊ុន អោយចូលដោះ ស្រាយ ស្ទូចរថយន្តរបស់ខ្លួនចេញវិញ ។
សូមបញ្ជាក់ថា ក្នុងហេតុការណ៍នេះ មិនមានប៉ះពាល់អ្វីដល់ទ្រព្យសម្បត្តិសាធារណះឡើយ ហើយក៏មិនបានបណ្តាលអោយមនុស្សណាម្នាក់រងរបួសឡើយ ព្រោះកំឡុងពេលក្រឡាប់ គឺមិនមានពលរដ្ឋអ្នកដំណើរដទៃ ធ្វើដំណើរស្របគ្នាជាមួយនោះទេ។ ប៉ុន្តែប្រសិនបើមានអ្នកធ្វើដំណើរស្របវិញ ក៏អាចនឹងបង្កឱ្យមានគ្រោះថ្នាក់ផងដែរ ព្រោះរថយន្តដឹកស្តុកពេញទៅដោយរបងដែកដែលមុតស្រួច ៕