ខេត្តកណ្ដាល: ជនសង្ស័យម្នាក់ផឹកស្រាស្រវឹងជោកជាំ ខឹងប្រពន្ធស្តីបន្ទោសតិចតួច ស្ទុះទៅវាយប្រពន្ធ ហើយពេលម្ដាយក្មេកមកឃាត់យកកាំបិតផ្គាក់កាប់ម្ដាយក្មេករងរបួសក្បាលយ៉ាងដំណំ ។ ករណីនេះបានកើតឡើងនៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង១៩ និង២៩នាទី នៅចំណុចភូមិទួលអង្គញ់ ឃុំ ផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល។
មន្ត្រីនគរបាលស្រុកពញាឮបានឱ្យដឹងថា ជនរងគ្រោះចំនូន០២នាក់៖ ១-ឈ្មោះ ខឹម អយ ភេទស្រី អាយុ ៧៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ មានទីលំនៅភូមិទួលអង្គញ់ ឃុំផ្សារដែក ស្រុកពញាឮ ខេត្ត កណ្តាល (ម្តាយក្មេក) ។ ២-ឈ្មោះ ជួរ សួស ភេទស្រី អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មការិនីរោងចក្រ មានទីលំនៅភូមិទួលអង្គញ់ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល (ប្រពន្ធ)។ ចំណែកជនសង្ស័យ០១នាក់ដែលត្រូវសមត្ថកិច្វឃាត់ខ្លួនឈ្មោះ អ៊ូ សំអន ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅភូមិទួលអង្គញ់ ឃុំ ផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល ។ វត្ថុតាងចាប់យក៖កាំបិតផ្គាក់(ផ្លែដែកដងធ្វើពីឫស្សី) ប្រវែង០,៩៦ម៉ែត្រចំនួន០១។
ប្រភពដដែលបន្តថា នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើ ជនរងគ្រោះឈ្មោះ ជួរ សួស ត្រូវជាប្រពន្ធ បានត្រឡប់មកពីធ្វើការងាររោងចក្រវិញ បានឃើញជនសង្ស័យមានស្ថានភាពស្រវឹងស្រា ជោកជាំ ភ្លាមនោះប្រពន្ធបាននិយាយស្ដីបន្ទោសឱ្យជនសង្ស័យថា៖ ឯងមានមើលគេឯងទេ រាល់ថ្ងៃហ្នឹង ស្រវឹងរាល់ថ្ងៃ មិនជួយការងារប្រពន្ធកូន គិតតែពីផឹកស៊ី ឱ្យតែមកពីធ្វើការស្រវឹងរាល់ថ្ងៃ មិនដែលគិតគូរស្អីទេ ការជាមួយគ្នារាប់ឆ្នាំមកហើយ រកផ្ទះខ្លួនឯងនៅមិនបាន ឯងមានអាណិតប្រពន្ធកូនទេ។ ក្នុងពេលនោះជនសង្ស័យខឹងក៏ជេរជនរងគ្រោះដោយពាក្យអសុរោះបំផុត ព្រមទាំងបានស្ទុះមកវាយចាប់បោចសក់ជនរងគ្រោះឈ្មោះ ជួរ សួសដែលជាប្រពន្ធបណ្តាលឱ្យពកក្បាល បែកមាត់និងរលាត់ថ្ងាស។ ឃើញដូច្នេះ ជនរងគ្រោះឈ្មោះ ខឹម អយ ត្រូវជាម្តាយក្មេក បានចូលមកឃាត់កុំឱ្យកូនវាយគ្នា ខណៈនោះ ជនសង្ស័យបានរត់ទៅចង្រ្កានបាយទាញកាំបិតផ្គាក់កាប់ទៅលើជនរងគ្រោះឈ្មោះ ខឹម អយ ចំក្បាលបណ្តាលឱ្យរងរបួសហូរឈាម ផ្នែកខាងស្តាំ។ បន្ទាប់មកមានអ្នកជិតខាងមកឃាត់បំបែកចេញ រួចហើយក្រុមគ្រួសារជនរងគ្រោះបានបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យព្រះកុសុមៈ(ពេទ្យលោកសង្ឃ)។
ក្រោយពីទទួលបានព័ត៌មានភ្លាមកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដែកបបានចុះទៅកន្លែងកើតហេតុ ឃាត់ជនសង្ស័យនិងចាប់យកវត្ថុតាងបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីសាកសួរនិងកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕ ដោយ៖ស្អាងជ័យ