ភ្នំពេញ៖ អគ្គិភ័យបានឆាបឆេះផ្ទះជួសជុលម៉ូតូមួយកន្លែង ដោយសារតែអ្នកជក់បារីបោះកន្ទុយបារីក្បែរសំបកកង់ចាស់ៗទុកចោលទេីបបង្កជាអគ្គិភ័យឆាបឆេះផ្ទះជួសជុលម៉ូតូតែម្តង។ ភ្លាមៗនោះប្រជាពលរដ្ឋបានរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានឱ្យហៅរថយន្តពន្លត់អគ្គិភ័យចុះជួយធ្វើអន្តរាគមន៍បាញ់ពន្លត់ផងដែរ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៨និង៣០នាទីព្រឹក ថ្ងៃសុក្រ ៥រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ ដែលសិ្ថតនៅចំណុចផ្លូវទន្លេមេគង្គ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
ហេតុការណ៍អគ្គិភ័យឆាបឆេះខាងលេីនេះ គឺបណ្តាលមកពីការបោះកន្ទុយបារីលើគំនរកង់ម៉ូតូចាស់ៗបង្កជាអគ្គិភ័យ ក្នុងនោះបានបណ្តាលឱ្យឆាបឆេះសម្ភារ សំបកកង់ចាស់ៗទុកចោលមួយចំនួន និងពុំបណ្តាលឱ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡេីយ។
សូមជម្រាបថា នៅវេលាម៉ោង ៩និង០០នាទីនាថ្ងៃខែឆ្នាំដដែល អគ្គិភ័យនេះត្រូវពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យបង្ការនិងសង្គ្រោះអគ្គិភ័យ រាជធានីភ្នំពេញចំនួន២គ្រឿង ប្រេីប្រាស់ទឹកអស់ ១ឡាន ស្មើនឹង ៦ម៉ែត្រគូប និងរថយន្តជំនួយមកពីក្រុមហ៊ុន OCIC ជ្រោយចង្វា ចំនួន ៥គ្រឿង ប្រេីប្រាស់ទឹកអស់ ៤ឡាន ស្មេីនឹង ២៤ម៉ែត្រគូប៕ ដោយ៖សហការី