ខេត្តពោធិ៍សាត់ ៖ រយៈពេល២ថ្ងៃកម្លាំងអធិការរដ្ឋាននគរបាលក្រុងពោធិ៍សាត់ ប្រមូលក្មេងទំនើងបានចំនួន៣ក្រុមមានគ្នាប្រមាណ២០នាក់ បន្ទាប់ពួកគេអុកឡុកទីប្រជុំជន និងលើដងផ្លូវសារធារណៈ ។
យោងរបាយការណ៍នគរបាលនៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ នាយប់ថ្ងៃសុក្រ ៥រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ នេះឃើញថា នៅពេលកម្លាំងចេញល្បាតប្រទះឃើញក្មេងទំនើង១ក្រុម មានគ្នា២នាក់ មធ្យោបាយម៉ូតូ១គ្រឿង ដកហូតចំពាមកៅស៊ូចំនួន១ ស្ថិតនៅភូមិរ៉ា សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ។ លុះមកដល់ផ្លូវលេខ១០១ ភូមិពាលញែកទី-១ សង្កាត់ផ្ទះព្រៃ ប្រទះឃើញក្មេងទំនើង១ក្រុមទៀត មានគ្នាចំនួន៥នាក់ មធ្យោបាយម៉ូតូ២គ្រឿង មានកាន់ដុំថ្មស្ទើគ្រប់ដៃកំពុងដេញគប់គ្នា ។
ក្នុងរបាយការណ៍នៅចំណុចក្បែKTVស្លាមាស ស្ថិតនៅភូមិពាលញែកទី-១ ដដែល សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ប្រទះឃើញក្មេងទំនើង១ក្រុមទៀត មធ្យោបាយម៉ូតូចំនួន៧គ្រឿង មានគ្នាចំនួន១៣នាក់ជិះម៉ូតូអុកឡុកបង្កផលប៉ះពាលសណ្ដាប់ក្នុងក្រុង បច្ចុប្បន្ន ក្មេងទំនើងទាំងអស់ ប្រមូលយកមកអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដើម្បីសួរនាំ ធ្វើកិច្ចសន្យាដោយមានអ្នកធានា ទើបឲ្យទៅលំនៅដ្ឋានវិញ ៕ ដោយៈ ប៉ឹម ពិន