សារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ បានផ្សាយថា រដ្ឋាភិបាលទីក្រុងសេអ៊ូល បានប្រកាសថា កូរ៉េខាងត្បូងគ្រោងនឹងចាប់ផ្តើមជាថ្មីវិញនូវការផ្តល់ទិដ្ឋាការប្រភេទស្នាក់នៅរយៈពេលខ្លី សម្រាប់អ្នកដំណើរមកពីប្រទេសចិន នៅថ្ងៃសៅរ៍សប្តាហ៍នេះ បន្ទាប់ពីស្ថានការណ៍ជំងឺកូវីដ-១៩ នៅចិន មានភាពប្រសើរឡើង។
កូរ៉េខាងត្បូងបានផ្អាកការចេញទិដ្ឋាការស្នាក់នៅរយៈពេលខ្លី ឱ្យអ្នកដំណើរមកពីចិន កាលពីខែមករាកន្លងទៅនេះ ក្រោយប្រទេសចិនបានលុបចោល គោលនយោបាយសូន្យកូវីដដ៏តឹងរ៉ឹងរបស់ខ្លួន ហើយនាំមានឱ្យករណីឆ្លងនៅក្នុងប្រទេសមានការកើនឡើងខ្លាំង។ នាពេលនោះ ទីក្រុងប៉េកាំងបានចេញចំណាត់ការសងសឹកប្រឆាំងនឹងទីក្រុងសេអ៊ូល តាមរយៈការផ្អាកផ្តល់ទិដ្ឋាការស្នាក់នៅរយៈពេលខ្លីសម្រាប់អ្នកដំណើរកូរ៉េខាងត្បូង។
ទោះជាយ៉ាងណាក្តី នៅថ្ងៃសុក្រនេះ លោក Kim Sung Ho អនុរដ្ឋមន្រ្តីមហាផ្ទៃកូរ៉េខាងត្បូង បាននិយាយថា រដ្ឋាភិបាលបានសម្រេចចិត្តដំណើរការឡើងវិញនូវការផ្តល់ទិដ្ឋាការខាងលើ គឺបន្ទាប់ពីបានមើលឃើញថា ចំនួនករណីឆ្លងកូវីដ-១៩ ក្នុងចំណោមអ្នកដំណើរចិន ដែលចូលមកដល់កូរ៉េខាងត្បូង បានធ្លាក់ចុះគួរឱ្យកត់សម្គាល់ ហើយក៏ពុំមានការរកឃើញវីរុសបំប្លែងថ្មីណាមួយដែរ។
កាលពីសប្តាហ៍មុន នាយករដ្ឋមន្រ្តីកូរ៉េខាងត្បូង លោក Han Duck-soo បានបង្ហាញសញ្ញាពីការលុបចោលការរឹតត្បិតទិដ្ឋាការលើអ្នកដំណើរចិន នៅមុនដំណាច់ខែកុម្ភៈនេះ ប្រសិនបើស្ថានការណ៍កូវីដ-១៩ នៅក្នុងប្រទេសចិនមានភាពប្រសើរឡើង៕ ដោយធីរីណា
រូបថត : TTXVN – VNA