ភ្នំពេញ : តបតាមការអញ្ជើញរបស់ លោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ (ស.ប.ប. ឡាវ) សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំ គណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅ ស.ប.ប. ឡាវ ពីថ្ងៃទី១៣-១៤ ខែ កុម្ភៈ ឆ្នាំ២០២៣។
អញ្ជើញអមដំណើរ សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន រួមមាន លោក លោកស្រី ជា ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា និងថ្នាក់ដឹកនាំធុរកិច្ចមួយ ចំនួន។
ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងមានជំនួប សម្តែងការគួរសមដោយឡែកពីគ្នា ជាមួយ លោកបណ្ឌិត ថងលុន ស៊ីសុលីត ប្រធានរដ្ឋ ន ស.ប.ប.ឡាវ និង លោកបណ្ឌិត សៃស៊ុមផន ភុមវិហាន ប្រធានរដ្ឋសភា នៃ ស.ប.ប.ឡាវ ក៏ដូចជា ទទួលការជួបសម្តែងការគួរសមពីសំណាក់ប្រធានសមាគមមិត្តភាពឡាវ-កម្ពុជា។
សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងមានជំនួបទ្វេភាគីជាមួយសមភាគី លោកនាយករដ្ឋមន្តី សនសៃ ស៊ីផាន់ដន ដើម្បីពិភាក្សាអំពីមធ្យោបាយក្នុងការពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការ ទ្វេភាគីលើគ្រប់វិស័យ រួមទាំង សន្តិសុខ-នយោបាយ, សង្គម-សេដ្ឋកិច្ច និងផ្លាស់ប្តូរយោបល់លើ បញ្ហាអនុតំបន់ តំបន់ និងអន្តរជាតិ ដែលមានផលប្រយោជន៍ និងជាក្តីបារម្ភរួម។ នៅក្រោយជំនួប ពិភាក្សាការងារ នាយករដ្ឋមន្ត្រីទាំងពីរ នឹងចុះហត្ថលេខាលើ «ផែនការសកម្មភាពសម្រាប់ភាពជា ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ សម្រាប់ឆ្នាំ ២០២៣-២០២៧»៕
ដោយ : សិលា