ភ្នំពេញ៖ យោងតាមប្រភពព័ត៍មានពីមន្រ្តីសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃអាទិត្យទី១២ ខែកុម្ភៈ ឆ្នាំ២០២៣នេះថា៖ បុរសស្បែកខ្មៅម្នាក់ និងស្រ្តីជនជាតិខ្មែរម្នាក់ ពាក់ព័ន្ធករណីឆបោកប្រាក់ប្រមាណ១០ម៉ឺនដុល្លារអាមេរិក តាមរយៈបណ្តាញទំនាក់ទំនងសង្គម ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្ន។
គួររម្លឹកថា យោងតាមរបាយការណ៍របស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិ បានឱ្យដឹងថា កម្លាំងជំនាញ នៃការិយាល័យប្រឆាំងបទល្មើសទូរគមនាគមន៍ នៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងដឹកនាំដោយអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ បានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ដោយក្នុងនោះម្នាក់ជាជនជាតិនីហ្សេរីយ៉ា ភេទប្រុស អាយុ៤១ឆ្នាំ និងម្នាក់ទៀតជាជនជាតិខ្មែរ ភេទស្រី អាយុ៣៩ឆ្នាំ ពាក់ព័ន្ធករណីឆបោ.កតាមបណ្ដាញទំនាក់ទំនងសង្គម ទៅលើជនរងគ្រោះម្នាក់អស់ទឹកប្រាក់ប្រមាណជាង១០ម៉ឺនដុល្លារសហរដ្ឋអាមេរិក។
ជនសង្ស័យជានារីខ្មែរខាងលើ មានមុខរបរជាអ្នកលក់ដូរនៅផ្សារ និងជាអ្នកដើរបញ្ចុះបញ្ចូលអ្នកជិតខាង និងអ្នកភូមិ ដើម្បីឱ្យទៅបង្កើតគណនីធនាគារផ្សេងៗ ហើយលក់គណនីធនាគារនោះមកឱ្យខ្លួន ហើយខ្លួនបានលក់បន្តទៅឱ្យជនសង្ស័យដែលជាបុរសសញ្ជាតិនីហ្សេរីយ៉ាខាងលើ។ បន្ទាប់មកជនសង្ស័យដែលជាបុរសសញ្ជាតិនីហ្សេរីយ៉ា បានទិញគណនីធនាគារជាច្រើនយកមកគ្រប់គ្រង ដើម្បីជាមធ្យោបាយក្នុងការឆបោ.កជនរងគ្រោះឱ្យផ្ញើប្រាក់មកគណនីទាំងនោះ ហើយខ្លួនដកប្រាក់ទាំងនោះតាមបញ្ជរទូរ ATM ដើម្បីលាក់អត្តសញ្ញាណរបស់ខ្លួន។
បន្ទាប់ពីឃាត់ខ្លួនបាន មន្ត្រីជំនាញបានរកឃើញថា ជនសង្ស័យបានបោ.កប្រាស់ជនរងគ្រោះជាច្រើននាក់ផ្សេងទៀត តាមរយៈរូបភាពមនោសញ្ចេតនាស្នេហាពីបរទេស ទំនាក់ទំនងពាណិជ្ជកម្ម និងទំនាក់ទំនងបញ្ញើកញ្ចប់អីវ៉ាន់ជាដើម។ បន្ទាប់មកជនសង្ស័យបានឱ្យបក្សពួកបន្លំខ្លួនជាមន្ត្រីមានសមត្ថកិច្ច ទាក់ទងមកជនរងគ្រោះថា ត្រូវបង់ថ្លៃសេវា ដើម្បីសម្រួលក្នុងការយកប្រាក់ ឬវត្ថុមានតម្លៃចេញពីច្រកទ្វារអន្តរជាតិ ដូចជាអាកាសយានដ្ឋានអន្តរជាតិសៀមរាបជាដើម។
លុះនៅព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣ ជនសង្ស័យទាំងពីរនាក់ខាងលើ ត្រូវបាននាយកដ្ឋានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕ដោយ៖សហការី