ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៃកងយោធពលខេមរភូមិន្ទ សូមប្រកាសគាំទ្រចំពោះចំណាត់ការរបស់ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី ក្នុងការសម្រេចឱ្យលុបអាជ្ញាបណ្ណវីអូឌី (VOD) ចាប់ពីពេលនេះតទៅ និងត្រូវបញ្ចប់ការផ្សាយនៅត្រឹមម៉ោង១០ព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ ជាកំហិត។
ចំណាត់ការសម្រេចឱ្យលុបអាជ្ញាបណ្ណវីអូឌី (VOD) នេះ គឺជាការកែទំរង់ដ៏ល្អប្រសើរបំផុតមួយ និងជាការអនុវត្តច្បាប់ និងក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា ដើម្បីឲ្យកម្ពុជាទាំងមូលរួមគ្នាបំបាត់ចោលនូវពត៌មានក្លែងក្លាយ ដែលបំពានអ្នកដទៃ បំភ្លៃការពិត ដែលជាគ្រោះថ្នាក់បង្កនូវភាពច្របូលច្របល់ និងហានិភ័យដល់ស្ថេរភាពសង្គម និងសន្តិសុខជាតិ។
សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានផ្តល់នូវពាក្យស្លោកដល់អ្នកសារព័ត៌មានកម្ពុជា ដើម្បីជាការពង្រឹកវិជ្ជាជីវៈ និងបង្កើនជំនឿទុកចិត្តពីសាធារណជនគឺ «អ្នកសារព័ត៌មាន កុំបំពានសិទ្ធិអ្នកដទៃ កុំបំភ្លៃការពិត»។
សូមគាំទ្រចំពោះសារព័ត៌មានភាគច្រើនដែលមានវិជ្ជាជីវៈត្រឹមត្រូវ ប៉ុន្តែមិនគាំទ្រចំពោះសារព័ត៌មានដែលនិយាយ មិនទទួលខុសត្រូវនោះទេ ជាពិសេសមិនគាំទ្រសារព័ត៌មានដែលបង្កើតឡើងដោយបុគ្គលមួយចំនួនតូចជ្រកក្រោម ផ្លាកសារព័ត៌មានក្នុងគោលបំណងញុះញង់បង្កការបែកបាក់ឯកភាពជាតិ។
សូមជំរាបថា នៅល្ងាចថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយប្រើសិទ្ធិការពារកិត្តិយស និងសេចក្តីថ្លៃថ្នូរស្ថាប័នជាតិ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានសម្រេចឱ្យក្រសួងព័ត៌មានលុប ចោលអាជ្ញាបណ្ណវិទ្យុវីអូឌី (VOD) និងត្រូវបញ្ចប់ការផ្សាយនៅត្រឹមម៉ោង១០ព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រោយសម្តេចតេជោ និង ឯកឧត្តម ហ៊ុន ម៉ាណែត បានផ្តល់ឱកាសគ្រប់គ្រាន់ដើម្បីថ្នាក់ដឹកនាំវិទ្យុនេះធ្វើការបង្ហាញភស្តុតាង និងសុំទោសជាសាធារណៈ ចំពោះកំហុសវិជ្ជាជីវៈរបស់ខ្លួនក្នុងការផ្សាយព័ត៌មានមិនពិត មានចរិតញុះញង់ មួលបង្កាច់ និងបង្ខូចកេរ្តិ៍ឈ្មោះឯកឧត្តម ហ៊ុន ម៉ាណែត ថា បានដើរតួនាទីជំនួសសម្តេចតេជោ ហ៊ុន សែន ចុះហត្ថលេខាលើឯកសារផ្តល់ជំនួយដល់ប្រទេសតួកគី ដើម្បីជួយជនរងគ្រោះក្នុងគ្រោះធម្មជាតិរញ្ជួយដី ដែលការពិតមិនមានការចុះហត្ថលេខាឡើយ៕
ដោយ : សិលា