ខេត្តព្រះសីហនុ៖ យោងតាមប្រភពព័ត៌មានពីរដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីការចុះធ្វើបច្ចុប្បន្នភាពទិន្នន័យមូលដ្ឋានអាជីវកម្ម ក្នុងភូមិសាស្រ្តក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ជាក់ស្ដែងនៅក្នុងសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្ត បានបញ្ជាក់ថា យោងអនុក្រឹត្យលេខ១៨ អនក្រ.បក ចុះថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៧ ស្តីពីការបង្កើតយន្តការច្រកចេញ ចូលតែមួយសម្រាប់ការផ្តល់សេវារដ្ឋបាលថ្នាក់ក្រោមជាតិក្នុងឧបសម្ព័ន្ធទី១ រដ្ឋបាលខេត្តព្រះសីហនុមាន កិត្តិយសសូមជម្រាបជូនម្ចាស់អាជីវកម្មដែលមានទីតាំងស្ថិតក្នុងភូមិសាស្ត្រក្រុងព្រះសីហនុទាំងអស់ជ្រាបថា៖ ក្នុងទិសដៅពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងរដ្ឋបាលក្នុងដែនសមត្ថកិច្ច និងទប់ស្កាត់ការធ្វើអាជីវកម្មដែលមិនមានលិខិតអនុញ្ញាត ឬអាជ្ញាប័ណ្ណ ក្រុមការងារស្រង់ស្ថិតិទិន្នន័យមូលដ្ឋានអាជីវកម្មនៃអង្គភាពច្រកចេញចូលតែ មួយរដ្ឋបាលខេត្តព្រះសីហនុ នឹងចុះធ្វើបច្ចុប្បន្នភាពទិន្នន័យតាមបណ្តាមូលដ្ឋានអាជីវកម្ម និងត្រួតពិនិត្យលិខិត អនុញ្ញាត ឬអាជ្ញាប័ណ្ណប្រកបអាជីវកម្មពាក់ព័ន្ធនានា ចាប់ពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣ នេះតទៅ។
ដើម្បីឱ្យការចុះបំពេញភារកិច្ចប្រព្រឹត្តទៅដោយរលូន ឆាប់រហ័ស និងទទួលបានលទ្ធផលល្អប្រសើរ សូម ម្ចាស់អាជីវកម្មទាំងអស់ដែលមានទីតាំងក្នុងក្រុងព្រះសីហនុផ្តល់នូវកិច្ចសហការ និងត្រៀមរៀបចំឯកសារចាំបាច់នានា ដើម្បីផ្តល់ជូនក្រុមការងារធ្វើការត្រួតពិនិត្យផ្ទៀងផ្ទាត់តាមការគួរ។
ជាមួយគ្នានោះ រដ្ឋបាលខេត្តព្រះសីហនុ សង្ឃឹមយ៉ាងមុតមាំថា ម្ចាស់អាជីវកម្មទាំងអស់នឹងចូលរួមអនុវត្តតាមខ្លឹមសារខាងលើឱ្យមានប្រសិទ្ធភាព និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕ដោយ៖សហការី