លទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅថ្ងៃទី ១៣-១៤ ខែកុម្ភៈ ឆ្នាំ២០២៣

ចែករំលែក៖

ភ្នំពេញ : តបតាមការអញ្ជើញរបស់ លោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ បំពេញទស្សនកិច្ចផ្លូវការ នៅវៀងច័ន្ទន៍ ពីថ្ងៃទី១៣-១៤ ខែកុម្ភៈ ឆ្នាំ២០២៣។

ក្នុងអំឡុងពេលស្នាក់នៅ សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញគោរពវិញ្ញាណក្ខន្ធ និងដាក់ កម្រងផ្កានៅវិមានយុទ្ធជនមិនស្គាល់អត្តសញ្ញាណដែលបានពលីនៅក្នុងសង្គ្រាម។ ទន្ទឹមនេះ សម្តេចតេជោ ក៏បានចូលជួបសម្តែងការគួរសមដាច់ដោយឡែកពីគ្នាជាមួយ លោក ថងលុន ស៊ីសុលីត ប្រធានរដ្ឋឡាវ នៅវិមានប្រធានរដ្ឋ និងលោកបណ្ឌិត សាយសំផន ភុមវិហាន ប្រធានរដ្ឋសភាឡាវ នៅវិមានរដ្ឋសភា។

សម្តេចតេជោ និងលោក សនសៃ ស៊ីផាន់ដន បានជួបពិភាក្សាគ្នាយ៉ាងស៊ីជម្រៅអំពី ស្ថានភាពនៃទំនាក់ទំនងទ្វេភាគី និងទិសដៅអនាគតដើម្បីបន្តពង្រឹងចំណងមិត្តភាពជាប្រពៃណី ទំនាក់ទំនងដ៏ជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យជាច្រើន រួមមាន៖ នយោបាយ-សន្តិសុខ ការពារជាតិ កិច្ចការព្រំដែន ពាណិជ្ជកម្ម និងវិនិយោគ ការតភ្ជាប់ផ្លូវអាកាស ទេសចរណ៍ ថាមពល និងការអប់រំ។

ភាគីទាំងពីរបានកត់សម្គាល់ដោយពេញចិត្តនូវកំណើនពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និង ឡាវ ដែលមានសន្ទុះជាវិជ្ជមានកើនឡើងពី ១៦០លានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២១ ទៅ ២១០លាន ដុល្លារអាម៉េរិក នៅឆ្នាំ២០២២។ សម្តេចតេជោ បានលើកទឹកចិត្តឲ្យភាគីទាំងពីរពន្លឿនការចរចាលើ កិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការរៀបចំព្រឹត្តិការណ៍ផ្គូផ្គងដៃគូពាណិជ្ជកម្ម ការតាំងពិព័រណ៍ និងសិក្ខាសាលា ដើម្បីផ្ដល់ឱកាសកាន់តែច្រើនសម្រាប់ការផ្លាស់ប្ដូរពាណិជ្ជកម្មវិនិយោគ និងដើម្បីជំរុញបន្ថែមទៀតនូវពាណិជ្ជកម្មទ្វេភាគី វិនិយោគ និងសកម្មភាពសេដ្ឋកិច្ចនានា រវាងប្រទេសទាំងពីរ។

នាយករដ្ឋមន្ត្រីទាំងពីរបានសង្កត់ធ្ងន់លើសារៈសំខាន់នៃវិស័យទេសចរណ៍ដែលកំពុងដើរតួ នាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ ភាគីទាំងពីរបានស្វាគមន៍ការបើកឡើងវិញនូវ ជើងហោះហើរត្រង់ពីហ្លួងប្រាបាង-ប៉ាកសេ-សៀមរាប ដោយក្រុមហ៊ុនអាកាសចរណ៍ឡាវ។ សម្តេច តេជោ លើកទឹកចិត្តឲ្យបើកនូវការហោះហើរត្រង់ពីភ្នំពេញ-វៀងច័ន្ទន៍-ភ្នំពេញឡើងវិញ ខណៈដែល ប្រទេសទាំងពីរបានបើកប្រទេសទាំងស្រុងវិញហើយ។

ក្នុងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ នាយករដ្ឋមន្ត្រីទាំងពីរបានជំរុញឲ្យភាគីទាំងពីរបន្តធ្វើការផ្លាស់ប្ដូរបញ្ញាវន្ត អ្នកស្រាវជ្រាវ បោះពុម្ពផ្សាយស្នាដៃស្រាវជ្រាវ និងចែករំលែកចំណេះដឹង និង ស្រាវជ្រាវរវាង រាជបណ្ឌិតសភាកម្ពុជា និងបណ្ឌិតសភាវិទ្យាសាស្ត្រសង្គមឡាវ។ នាយករដ្ឋមន្ត្រីទាំង ពីរបានជម្រុញឲ្យភាគីទាំងពីរពន្លឿនការបញ្ចប់ការស្រាវជ្រាវរួមគ្នាស្តីពី « ទំនាក់ទំនងកម្ពុជា-ឡាវ៖ ទំនាក់ទំនងប្រវត្តិសាស្ត្រ វប្បធម៌ និងប្រជាជននៅតាមព្រំដែននៃប្រទេសទាំងពីរ និងការរៀបចំ វចនានុក្រម ឡាវ-ខ្មែរ និងខ្មែរ-ឡាវ។

ចំពោះវិស័យសន្តិសុខ និងការពារជាតិ ភាគីទាំងពីរបានឯកភាពពង្រឹង កិច្ចសហប្រតិបត្តិការ ក្នុងការទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន តាមរយៈការចែករំលែកព័ត៌មានឲ្យបានទាន់ពេលវេលារវាង អាជ្ញាធរនៅតាមតំបន់ព្រំដែន។ សម្តេចតេជោ បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការបន្តធ្វើលំហាត់ រួមសង្គ្រោះគ្រោះមហន្តរាយតាមបណ្តាខេត្តជាប់ព្រំដែន។

ចំពោះកិច្ចការព្រំដែន នាយករដ្ឋមន្ត្រីទាំងពីរបានស្វាគមន៍វឌ្ឍនភាពដែលគណៈកម្មាការ ចម្រុះព្រំដែនកម្ពុជា និងឡាវ សម្រេចបានក្នុងការកំណត់ខ្សែព្រំដែនរួមបានប្រមាណ ៨៦% រួមមាន ការបោះបង្គោលព្រំដែនលើដីជាក់ស្តែងបានចំនួន ១២១ បង្គោល។

នាយករដ្ឋមន្ត្រីទាំងពីរបានទទួលស្គាល់សារៈសំខាន់នៃវិស័យថាមពលដែលជាស្នូលអាទិភាព នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងកម្ពុជា និងឡាវ។ ភាគីទាំងពីរបានលើកទឹក ចិត្តឲ្យក្រសួង/ស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរ បន្តអនុវត្តប្រកបដោយប្រសិទ្ធភាពនូវអនុស្សរណៈ យោគយល់គ្នានិងកិច្ចព្រមព្រៀងនានាដែលមានស្រាប់ ស្ដីពីកិច្ចសហប្រតិបត្តិការថាមពលរវាង ប្រទេសទាំងពីរ សំដៅធានាស្ថិរភាព និងសន្តិសុខថាមពលដើម្បីការអភិវឌ្ឍជាតិ។

ចំពោះកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងអន្តរជាតិ សម្តេចតេជោបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលឡាវដែលបានគាំទ្រយ៉ាងសកម្មដល់ការធ្វើជាប្រធានអាស៊ានរបស់កម្ពុជា ឆ្នាំ២០២២ និងបានបញ្ជាក់សាជាថ្មីពីការគាំទ្រយ៉ាងពេញទំហឹងរបស់កម្ពុជា ចំពោះការធ្វើជាប្រធាន អាស៊ានរបស់ឡាវឆ្នាំ២០២៤។ នាយករដ្ឋមន្ត្រីទាំងពីរក៏បានឯកភាពបន្តគាំទ្រគ្នាទៅវិញទៅមកក្នុង វេទិកាតំបន់ និងអន្តរជាតិ ជាពិសេសក្នុងក្របខណ្ឌអាស៊ាន និងអង្គការសហប្រជាជាតិ។

ក្នុងឱកាសទស្សនកិច្ចផ្លូវការរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រីទាំងពីរបានចុះហត្ថលេខា លើឯកសារជាប្រវត្តិសាស្ត្រសំខាន់ចំនួន ០២ រួមមាន៖ ១-សន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋរវាង ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ២-ផែនការសកម្មភាព សម្រាប់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែងរវាងព្រះរាជាណាចក្រកម្ពុជា និង សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ (២០២៣-២០២៧)។ ទន្ទឹមនេះដែរ នាយករដ្ឋមន្ត្រី ទាំងពីរបានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចប្រជុំគណៈកម្មការចម្រុះព្រំដែន កម្ពុជា-ឡាវ និងឡាវ-កម្ពុជា ដោយលោក វ៉ា គឹមហុង ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែន និង ជាប្រធានគណៈកម្មការចម្រុះព្រំដែនកម្ពុជា-ឡាវ និងលោក សាលើមសៃ គុំម៉ាស៊ីត ឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីក្រសួងការបរទេស និងជាប្រធានគណៈកម្មការចម្រុះព្រំដែនឡាវ។

ដើម្បីជាសក្ខីភាពនៃការទទួលស្គាល់នូវគុណបំណាច់ និងការចូលរួមចំណែកដ៏ធំធេងរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងការលើកកម្ពស់ទំនាក់ទំនងមិត្តភាពដ៏ល្អប្រសើរ និងកិច្ចសហ ប្រតិបត្តិការរវាងកម្ពុជា និងឡាវ ជាពិសេសការតម្លើងកម្រិតទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត គ្រប់ជ្រុងជ្រោយ និងយូរអង្វែង លោក ថងលុន ស៊ីសុលីត ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ បានបំពាក់គ្រឿងឥស្សរិយយស មេដាយ “ផូសៃឡានសាង” (MEDAL PHOXAY LANEXANG) ជូនសម្តេចតេជោ។ មេដាយ «ផូសៃឡានសាង» ជាមេដាយមានគុណតម្លៃខ្ពស់ បំផុតរបស់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ សម្រាប់បំពាក់ជូនថ្នាក់ដឹកនាំបរទេស ដែលមានស្នាដៃលេចធ្លោ។ លោក សនសៃ ស៊ីផាន់ដន ក៏បានបំពាក់មេដាយអភិវឌ្ឍន៍ជូនដល់ ក្រុមហ៊ុនឯកជនកម្ពុជាមួយចំនួន ដែលបានរួមចំណែកជួយរដ្ឋាភិបាលឡាវ ក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងប្រទេសឡាវកន្លងមក និងមេដាយមិត្តភាពជូនសមាគម មិត្តភាពកម្ពុជា-ឡាវផងដែរ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានអញ្ជើញ លោកបណ្ឌិត សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងភរិយា មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ក្នុងពេលឆាប់ៗខាងមុខ។ លោក នាយករដ្ឋមន្ត្រីឡាវ បានថ្លែងអំណរគុណ និងទទួលយកការ អញ្ជើញ ដោយក្តីរីករាយ។ ពេលវេលាជាក់លាក់នៃដំណើរទស្សនកិច្ចនេះនឹងត្រូវរៀបចំតាមរយៈផ្លូវ ការទូតនៅពេលក្រោយ។

សម្តេចតេជោនាយករដ្ឋមន្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាល និងប្រជាជនឡាវសម្រាប់ការផ្តល់បដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅជូនគណៈប្រតិភូជាន់ខ្ពស់កម្ពុជា។

សម្តេចតេជោ ក៏បានទទួលជំនួបសម្តែងការគួរសមពីលោកប្រធានសមាគមមិត្តភាពឡាវ- កម្ពុជា និងបានជួបសំណេះសំណាលជាមួយនិស្សិតកម្ពុជានៅឡាវផងដែរ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print