អ្នកនៅរស់រានមានជីវិតចំនួន ៩នាក់ទៀតត្រូវបានជួយសង្គ្រោះពីគំនរបាក់បែកនៅក្នុងប្រទេសទួរគី រយៈពេលជាង១សប្តាហ៍បន្ទាប់ពីការរញ្ជួយដីបានវាយប្រហារប្រទេសនេះ។ មកដល់ពេលនេះ គ្រោះមហន្តរាយនេះបានសម្លាប់មនុស្សជាង ៤១ ០០០នាក់ទាំងនៅទួរគី និងស៊ីរី។
យោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters និង AP បានផ្សាយថាក្នុងចំណោមអ្នកដែលត្រូវបានជួយសង្គ្រោះកាលពីម្សិលមិញ (ថ្ងៃទី 14 ខែកុម្ភៈ) មានបងប្អូនពីរនាក់អាយុ 17 ឆ្នាំ និង 21ឆ្នាំដែលត្រូវបានជួយសង្គ្រោះពីអគារដួលរលំក្នុងខេត្ត Kahramanmaras និងបុរសជនជាតិស៊ីរីម្នាក់និងស្ត្រីវ័យក្មេងម្នាក់ពាក់អាវ Leopard print hijab នៅ Antakya ត្រូវបានជួយសង្គ្រោះបន្ទាប់ពីកប់ក្រោមគំនរបាក់បែកអស់ជាង២០០ម៉ោង។
អ្នកជួយសង្គ្រោះម្នាក់បាននិយាយថា អ្នកនៅរស់រានមានជីវិតកាន់តែច្រើននឹងត្រូវបានរកឃើញ។ ទោះជាយ៉ាងណាក៏ដោយ មន្ត្រីអង្គការសហប្រជាជាតិនិយាយថា ដំណាក់កាលនៃការជួយសង្គ្រោះកំពុងឈានមកដល់ទីបញ្ចប់ ហើយការផ្តោតសំខាន់នៃកិច្ចខិតខំប្រឹងប្រែងសង្គ្រោះបានប្តូរទៅជួយអ្នកនៅរស់រានមានជីវិតដែលមិនមានទីជម្រកឬខ្វះអាហារនៅក្នុងអាកាសធាតុត្រជាក់ខ្លាំង។
ប្រធានាធិបតីទួរគី Tayyip Erdogan បានទទួលស្គាល់បញ្ហានៅក្នុងការឆ្លើយតបដំបូងបន្ទាប់ពីការរញ្ជួយដីកម្រិត 7.8 រុិចទ័របានវាយប្រហារកាលពីថ្ងៃទី ៦ ខែកុម្ភៈ ប៉ុន្តែបាននិយាយថា ស្ថានភាពឥឡូវនេះត្រូវបានគ្រប់គ្រង។ នៅក្នុងសុន្ទរកថាតាមទូរទស្សន៍ មេដឹកនាំបាននិយាយថា “យើងប្រឈមមុខនឹងគ្រោះមហន្តរាយធម្មជាតិដ៏ធំបំផុតមួយ មិនត្រឹមតែនៅក្នុងប្រទេសរបស់យើងប៉ុណ្ណោះទេ ថែមទាំងនៅក្នុងប្រវត្តិសាស្រ្តរបស់មនុស្សជាតិផងដែរ”៕ ដោយធីរីណា
រូបថត : Reuters