ភ្នំពេញ : ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ ថ្នាក់ដឹកនាំកំពូល នៃគណបក្សប្រជាជនកម្ពុជាដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំកំពូល នៃគណបក្សប្រជាជនបដិវត្តន៍ឡាវ ដែលដឹកនាំដោយលោម ថងលុន ស៊ីសូលីត អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមនិងជាប្រធានរដ្ឋឡាវ បានជួបប្រជុំកំពូលលើកទី១៣ នៅរដ្ឋធានីវៀងចន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
កិច្ចប្រជុំបានប្រព្រឹត្តទៅក្នុងបរិយាកាសកក់ក្ដៅ ស្និទ្ធស្នាល យោគយល់គ្នា និងក្នុងស្មារតីជឿទុកចិត្តគ្នា ដើម្បីបន្តពូនជំនូវចំណងសាមគ្គីភាព មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងគណបក្ស និងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅនិងប្រកបដោយផ្លែផ្កា។
ភាគីទាំងពីរបានវាយតម្លៃខ្ពស់ និងសម្តែងនូវការអបអរសាទរយ៉ាងក្រៃលែងចំពោះការរីកចម្រើនឥតឈប់ឈរនៃចំណងសាមគ្គីភាព មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរដែលបានលើកកម្ពស់ដល់កម្រិត ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងគង់វង្សយូរអង្វែង។
ភាគីទាំងពីរបានជូនព័ត៌មានគ្នាទៅវិញទៅមក អំពីសភាពការណ៍លេចធ្លោរបស់គណបក្ស និងប្រទេសនីមួយៗ ជាពិសេសភាគីកម្ពុជា បានជូនដំណឹងភាគីឡាវ អំពីលទ្ធផល នៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី២៨-២៩ ខែមករា ឆ្នាំ២០២៣ និងបានផ្លាស់ប្ដូរយោបល់អំពីសភាពការណ៍អន្តរជាតិនិងតំបន់ ដោយផ្ដោតទៅលើការពង្រឹងពហុភាគីនិយមក្នុងទំនាក់ទំនងអន្តរជាតិ និងការគោរពច្បាប់អន្តរជាតិ ព្រមទាំងទិសដៅក្នុងការបង្កើនកិច្ចសហប្រតិបត្តិការរវាងគណបក្សនិងប្រទេសទាំងពីរ ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ។
ភាគីទាំងពីរឯកភាពរួមគ្នាប្រយុទ្ធប្រឆាំងសកម្មភាពបដិវត្តន៍ពណ៌ ដោយជំរុញការអនុវត្តច្បាប់ និងមិនអនុញ្ញាតឱ្យបុគ្គល អង្គការចាត់តាំងណាមានសកម្មភាពប្រឆាំង ឬ ប្រើប្រាស់ទឹកដីរបស់ខ្លួន ដើម្បីប្រឆាំងនឹងប្រទេស នៃភាគីម្ខាងទៀត។
ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការចាត់តាំងអនុវត្តស្មារតីនៃកិច្ចប្រជុំកំពូលលើកទី១២ រវាងគណបក្សទាំងពីរនៅរាជធានីភ្នំពេញថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ ដែលបានរួមចំណែកយ៉ាងធំធេងដល់ការលើកកម្ពស់ចំណងសាមគ្គីភាពមិត្តភាពជាប្រពៃណីដ៏ល្អ និងកិច្ចសហប្រតិបត្តិការ និងការជួយឧបត្ថម្ភគ្នារវាងគណបក្ស រដ្ឋាភិបាល សភា និងអង្គការមហាជន នៃប្រទេសទាំងពីរ ក៏ដូចជារវាងអាជ្ញាធរមូលដ្ឋាននៅតាមព្រំដែន នៃប្រទេសទាំងពីរ ដើម្បីបុព្វហេតុការពារ និងអភិវឌ្ឍន៍ប្រទេសនីមួយៗ និងលើកកម្ពស់ តួនាទីប្រទេសទាំងពីរនៅក្នុងតំបន់ និងអន្តរជាតិ។
ភាគីទាំងពីរបានឯកភាពខ្ពស់ ក្នុងការបន្តពង្រឹងពង្រីកនូវទំនាក់ទំនងមិត្តភាពសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងគណបក្សទាំងពីរ និងប្រទេសទាំងពីរ ក៏ដូចប្រទេសទាំងបី កម្ពុជា-ឡាវ-វៀតណាម ដើម្បីឧត្តមប្រយោជន៍ជាតិនៃប្រទេសទាំងបី និងប្រជាជននៃប្រទេសនីមួយៗ រួមចំណែកដល់បុព្វហេតុសន្តិភាព ស្ថិរភាព មិត្តភាពកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅក្នុងតំបន់ និងពិភពលោក៕
ដោយ : សិលា