ស្ទឹងត្រែង÷នៅរសៀលថ្ងៃទី១៥ ខែកុម្ភៈឆ្នាំ២០២៣ នេះ អាជ្ញាធរ សមត្ថកិច្ចបានរកឃើញសពម្នាក់ហើយករណីលិចទូកនៅទន្លេមេគង្គ ខេត្តស្ទឹងត្រែង ។ កម្លាំងចម្រុះ បានជិះទូករកឃើញសាកសពម្នាក់ នៅចម្ងាយផ្នែកខាងក្រោម នៃដងទន្លេ ពីកន្លែងកើតហេតុ ប្រមាណជា ៤០០ ម៉ែត្រ។
សពដែលរកឃើញនៅរសៀលថ្ងៃនេះ បន្ទាប់ពីលិចទូក កាលពីថ្ងៃទី១៤ កុម្ភៈ នៅចំណុចកន្ទុយកោះហាន ស្ថិតក្នុងឃុំកោះស្នែង ស្រុកបុរីអូរស្វាយសែនជ័យ។ សពរកឃើញម្នាក់នោះគឺជាបុរសឈ្មោះ សុត មី អាយុ៥៨ ឆ្នាំ។ នៅមនុស្សបីនាក់ទៀតពុំទាន់រកឃើញ។ ទី១ ឈ្មោះ ម៉ី សុគ្រី ភេទស្រី អាយុ ២៥ ឆ្នាំ,ទី២ ឈ្មោះ លូយ ចន្ទ្រា ភេទប្រុស អាយុ ៨ ឆ្នាំនិងទី៣ ឈ្មោះ លួយ ហាត់ ភេទប្រុស អាយុ ៦ ឆ្នាំ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ ២០២៣ ប្រជាពលរដ្ឋ បានធ្វើដំណើរតាមទូកតូចមួយគ្រឿង ដោយជិះគ្នា ៨ នាក់ ពីភូមិកោះកី ឃុំកោះស្នែង ស្រុកបុរីអូស្វាយសែនជ័យឆ្លងកាត់តាមទន្លេមេគង្គ។ លុះមកដល់ចំណុចកន្ទុយកោះហាន ឃុំកោះស្នែង ក៏បានលិចទូកហើយមនុស្សបួននាក់ រួចផុតពីគ្រោះថ្នាក់។ ប៉ុន្តែបួននាក់ទៀត បានបាត់ខ្លួន។ ទើបនឹងរកសពឃើញម្នាក់។ ពួកគេមានគោលបំណងទៅប្រកបមុខរបរ នៅភូមិខាំផាន់ សង្កាត់សាមគ្គីក្រុងស្ទឹងត្រែង៕