លោក ម៉ៅ ធនិន៖​ ក្នុងមួយខែៗ​ ចេកអំបូងលឿងដែលកំពុងដាំដុះនៅក្នុងខេត្តកំពត ត្រូវបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ ពិសេសទីផ្សារចិនបានជាង ២ពាន់តោន

ចែករំលែក៖

ភ្នំពេញ​៖​ លោក ម៉ៅ ធនិន អភិបាល​ នៃ​គណៈអភិបាលខេត្តកំពតបានឱ្យដឹងក្នុងសន្និសីទសារព័ត៌មាន​ស្តីពី «ភាពជោគជ័យរយៈពេល៥ឆ្នាំ របស់រដ្ឋបាលខេត្តកំពត» នៅទីស្តីការគណៈរដ្ឋមន្ត្រី នាថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះថា៖ ចេកអំបូងលឿងដែលកំពុងដាំដុះនៅក្នុងខេត្តកំពត ត្រូវបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ ពិសេសទីផ្សារចិនបានជាង ២ពាន់តោនក្នុងមួយខែៗ រួមនឹងការផ្គត់ផ្គង់ទីផ្សារក្នុងស្រុក នៅតាមផ្សារទំនើប និងភោជនីយដ្ឋាននានាផងដែរ។

លោក ម៉ៅ ធនិន លើកឡើងថា បច្ចុប្បន្ននេះ ​មាន​ក្រុមហ៊ុនចំនួន២ ដែលកំពុងវិនិយោគដាំដុះចេកអំបូងលឿង នៅក្នុងខេត្តកំពត ដោយបានផ្តល់ការងារដល់ពលរដ្ឋខ្មែរ ប្រមាណ២ពាន់នាក់។ ចំការចេកនេះ មិនត្រឹមតែផ្តល់ចំណូលពីការនាំចេញទៅទីផ្សារអន្តរជាតិ និងក្នុងស្រុក ព្រមទាំងបង្កើតការងារប៉ុណ្ណោះទេ ថែមទាំង​ជាតំបន់ទេសចរណ៍ផងដែរ ដោយមានភ្ញៀវទេសចរជាច្រើន បាននាំគ្នាទៅទស្សនាពីការដាំចេកនៅតំបន់នោះ។

លោកអភិបាលខេត្ត​ បានគូសបញ្ជាក់ថា ចេកអំបូងលឿងរបស់ខេត្តកំពត ​មានឱជារសផ្អែមឆ្ងាញ់ ក្រអូប ឆ្ងុយមុត ដោយសារកត្តាបី គឺដីដែលមានជីវជាតិល្អ ទឹកស្រោចស្រពជាប្រភេទទឹកជ្រោះ ដែលគ្មានសារធាតុគីមី ​និងកត្តាអាកាសធាតុ ដែលធ្វើឱ្យចេកមានពណ៌សម្បុរស្រស់ស្អាត។​ លោកអភិបាលខេត្ត​​ បន្ថែមថា ដោយសារ​ចេកអំបូងលឿង មានទីផ្សារល្អ ក្រុមហ៊ុនមានផែនការពង្រីកផ្ទៃដីដាំដុះផងដែរ។

លោក​ ម៉ៅ​ ធនិន​ បានគូសបញ្ជាក់ទៀតថា៖ «ក្នុងនាមជាអាជ្ញាធរខេត្ត ក៏ដូចជាមន្ទីរជំនាញរបស់យើង គឺយើងមានការគាំទ្រណាស់ទៅលើដំណាំចេកអំបូងលឿង។ ហើយឥលូវនេះក្រុមហ៊ុនកំពុង តែមានការជំរុញបន្ថែមទៅលើការដាំដុះ។ ហើយខ្ញុំសង្ឃឹមថា ប្រសិនបើការដាំដុះនេះល្អនឹងអាចពង្រីក បានទៅលើផ្ទៃដីមួយចំនួន ដែលពាក់ព័ន្ធនៅជុំវិញទីនោះថែមទៀត ដោយមានការចូលរួមពីបងប្អូនសហគមន៍ និងប្រជាពលរដ្ឋនៅជុំវិញនោះ ដោយមានការដាំដុះទៅលើដំណាំមួយមុខនេះតែម្តង ព្រោះបើតាមការផ្អែកទៅលើទីតាំងភូមិសាស្រ្ត»។

ដោយឡែក​ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តកំពតលោក ចាន់ រិទ្ធិ ក៏បានឱ្យដឹងថា ចេកអំបូងលឿងត្រូវបានដាំដុះលើផ្ទៃដី​ចំនួន១ ០៦៣ ហិកតា ​ក្នុងនោះផ្ទៃដីដែលកំពុងប្រមូលផលមានចំនួន ៦៦១ហិកតា ដោយទទួលបានទិន្នផលចំនួន៤៣តោនក្នុងមួយហិកតា​។ក្នុងមួយឆ្នាំៗ ដំណាំនេះនាំចេញបានប្រមាណជាង ២០ម៉ឺនតោន។

លោកប្រធានមន្ទីរខេត្តរូបនេះ បានបញ្ជាក់​បន្ថែម​ថា​ ក្រុមហ៊ុនដែលវិនិយោគលើដំណាំចេកនៅខេត្តកំពតរួមមាន ក្រុមហ៊ុន វើលទ្រីសារ របស់ឧកញ៉ា ស្រ៊ុន ងួន និង ក្រុមហ៊ុន Longmate Agriculture របស់ឧកញ៉ ហ៊ុន ឡាក់ ដែលក្រុមហ៊ុននេះបានចាប់ផ្តើមវិនិយោគ ឆ្នាំ២០១៨ លើផ្ទៃដីជាង៤០០ហិកតា និងបានចាប់ផ្តើមនាំចេញទៅប្រទេសចិនដំបូងនៅឆ្នាំ២០១៩។

សមជម្រាបថា ​ចេកអំបូងលឿង គឺជាផ្លែឈើទី១របស់កម្ពុជា ដែលត្រូវបានអនុញ្ញាតឱ្យនាំចេញ ទៅលក់នៅលើទីផ្សារប្រទេសចិនជាផ្លូវការ​ ដោយចាប់ផ្តើមនាំចេញជាលើកដំបូងនៅឆ្នាំ២០១៩។

យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រយៈពេល១១ខែ ឆ្នាំ២០២២ កម្ពុជានាំចេញផ្លែចេកស្រស់ទៅកាន់ទីផ្សារអន្តរជាតិ ចំនួន ៣៤៥,៤៧០តោន៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print