ភ្នំពេញ : នាព្រឹកថ្ងៃសុក្រទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានក្រុមការងាររដ្ឋាភិបាលឌីជីថល បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (Agence Francaise de De’veloppment AFD) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពី តំណាង អគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នាយកដ្ឋានព័ត៌មានវិទ្យានៃអគ្គលេខាធិការដ្ឋាន ព្រមទាំងអង្គភាពពាក់ព័ន្ធផងដែរ។
ក្នុងឱកាសនោះ លោក ហ៊ុយ វណ្ណៈ បានមានមតិស្វាគមន៍ និងបានថ្លែងអំណរគុណចំពោះទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (Agence Francaise de De’veloppment AFD) ដែលបានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនាឱកាសនេះ។
ជាមួយគ្នានោះដែរ តំណាងក្រុមហ៊ុនខនភ្លូអិនស៍ Confluences ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធនៃទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ AFD បានធ្វើបទបង្ហាញស្តីពីគម្រោង និងយុទ្ធសាស្រ្តសម្រាប់ការអភិវឌ្ឍវិស័យឌីជីថលរបស់ក្រុមហ៊ុន ជូនដល់អង្គប្រជុំជ្រាប និងមានមូលដ្ឋានក្នុងការពិគ្រោះយោបល់គ្នាទៅវិញទៅមក។
លោក ហ៊ុយ វណ្ណៈ អនុប្រធានក្រុមការងាររដ្ឋាភិបាលឌីជីថល បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានក្រសួងមហាផ្ទៃ បានថ្លែងអំណរគុណចំពោះក្រុមការងារនៃទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ AFD ដែលបានធ្វើបទបង្ហាញាស្តីពីគម្រាងអភិវឌ្ឍវិស័យឌីជីថលរបស់ក្រុមហ៊ុនជូនដល់ក្រុមការងារក្រសួងមហាផ្ទៃ។
ឆ្លៀតឱកាសនេះដែរ លោក ក៏បានណែនាំ និងផ្តល់យោបល់ជូនក្រុមការងារនៃទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ AFD ឱ្យរៀបចំនូវលក្ខណៈឱ្យបានសមស្រប
សម្រាប់អភិវឌ្ឍន៍វិស័យបច្ចេកវិទ្យាឌីជីថលនេះ ប្រកបដោយភាពជាក់លាក់ និងឱ្យស្របតាមវិស័យនានារបស់ក្រសួងមហាផ្ទៃ៕
ដោយ ៖ សហការី