កងយោធពលខេមរភូមិន្ទ បន្តអនុវត្តផែនការកែទម្រង់កាន់តែស៊ីជម្រៅ ដើម្បី​បង្កើន​​​ថាមពល​ក្នុងវិស័យការពារជាតិ

ចែករំលែក៖

ភ្នំពេញ ៖  នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ បានបង្ហាញឆន្ទៈក្នុងការប្តេជ្ញាបន្តអនុវត្តផែនការកែទម្រង់កងទ័ពឱ្យកាន់តែស៊ីជម្រៅ និងប្រកបដោយ​ចក្ខុវិស័យវែងឆ្ងាយ ដើម្បី​បង្កើន​​​ថាមពល​ក្នុងវិស័យការពារជាតិ។

ការបង្ហាញឆន្ទៈបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីពិធីបិទសិក្ខាសាលា ស្តីពីវឌ្ឍនភាពការងារបុគ្គលិករយៈពេល៥ឆ្នាំ (២០១៩-២០២៣) និងទិសដៅអនុវត្តបន្ត (២០២៣-២០២៧) ដែលប្រារព្ធធ្វើឡើងនៅបញ្ជាការដ្ឋានកងទ័ពជើងទឹក នារសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣។

 នាយឧត្តមសេនីយ៍ វង្ស ពិសេន បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ​ ហ៊ុន សែន​ បានប្តេជ្ញាយ៉ាងមុតមាំលើការងារកំណែទម្រង់ ដែលជាជម្រើសមិនអាចជៀស​បាន និងត្រូវ​តែ​ធ្វើជាប្រចាំ ដើម្បីកែលម្អ ពង្រីកសមត្ថភាព លទ្ធភាព​ និង​សក្តានុ​ពល​ ស្របទៅតាមការវិវឌ្ឍន៍រីកចម្រើន​នៃសង្គមជាតិ។

បើតាមនាយឧត្តមសេនីយ៍ ទាំងរចនាសម្ព័ន្ធចាត់តាំង ក្របខ័ណ្ឌការងារ និងឋានន្តរសក្តិ​កងទ័ព ត្រូវតែធ្វើការកែសម្រួលឱ្យបានសមស្រប ​ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃភារកិច្ច ហើយចង់សម្រេចកិច្ចការនេះបាន ទាម​ទារឱ្យថ្នាក់ដឹកនាំគ្រប់កងឯកភាព ស្ថាប័ន ត្រូវមានការប្តេជ្ញាចិត្តខ្ពស់ មិនរាថយ និងធ្វើជាគំរូក្នុងការអារកាត់ ការលះបង់ប្រកប​ដោយតម្លាភាព។ 

 នាយឧត្តមសេនីយ៍អគ្គបញ្ជាការ បានជំរុញដល់គ្រប់ស្ថាប័ន ត្រូវខិតខំ​កសាងប្រភពកម្លាំង​បន្តវេន​ ក្នុងនោះយកចិត្តទុកដាក់ការហ្វឹកហ្វឺន និងបណ្តុះបណ្តាលតាមមុខជំនាញ ទាំងនៅក្នុងប្រទេស និងក្រៅប្រទេស សំដៅពង្រឹងគុណភាព សមត្ថភាពក្នុងការបំពេញកាតព្វកិច្ចការងារ៕

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print