ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងបានរាយការណ៍ថា មេដឹកនាំគីម ជុងអ៊ុន បាននាំកូនស្រីរបស់គាត់គឺកុមារី Kim Ju-ae ទៅទស្សនាការប្រកួតបាល់ទាត់។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានផ្សាយនៅថ្ងៃទី១៨ ខែកុម្ភៈថា លោក គីម ជុងអ៊ុន បាននាំកូនស្រី Kim Ju-ae ទៅចូលរួមទស្សនាការប្រកួតបាល់ទាត់ ដើម្បីអបអរសាទរថ្ងៃកំណើតរបស់ជីតា លោក គីម ជុងអ៊ីល (Kim Jong-il) ។ កុមារី Kim Ju-ae ត្រូវបានគេនិយាយថាមានអាយុប្រហែល10ឆ្នាំ។
សារព័ត៌មាន KCNA បានពិពណ៌នាថា “ពហុកីឡដ្ឋានពោរពេញដោយភាពរីករាយ និងរំភើបរីករាយពីមន្ត្រីរដ្ឋាភិបាលនិងក្រសួងការពារជាតិ។ អ្នកចូលរួមទាំងអស់នៃព្រឹត្តិការណ៍នេះបានសន្យាថានឹងបម្រើប្រទេសជាតិដោយមនសិការ ដោយភាពក្លាហាន និងស្មារតីថ្មី»។
យោងតាម KCNA ការបង្ហាញខ្លួនរបស់មេដឹកនាំ Kim Jong-un និងកូនស្រីរបស់គាត់ Kim Ju-ae បានធ្វើឱ្យការប្រកួតបាល់ទាត់កាន់តែរំភើប។ ជាលទ្ធផល ក្រុមក្រសួងការពារជាតិកូរ៉េខាងជើងបានយកឈ្នះ ៣-១។ KCNA មិនបានដកស្រង់ការអធិប្បាយណាមួយពីលោក Kim Jong-un នោះទេ។
រូបថតដែលចេញផ្សាយដោយកាសែត Rodong Sinmun របស់កូរ៉េខាងជើងបង្ហាញលោកគីម ជុងអ៊ុន និងកូនស្រីរបស់គាត់ Kim Ju-ae ញញឹម និងទះដៃពីកៅអី VIP ។ ឪពុក និងកូនលោក គីម ជុងអ៊ុន អង្គុយនៅកណ្តាល ហ៊ុមព័ទ្ធដោយមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលនិងយោធា។ ប្អូនស្រីរបស់លោក គីម ជុងអ៊ុន គឺលោកស្រី គីម យ៉ូជុង ត្រូវបានគេឃើញអង្គុយនៅខាងក្រោយ។
នេះជាលើកទីប្រាំមួយដែល កុមារី Kim Ju-ae បង្ហាញខ្លួនជាសាធារណៈ។ កាលពីខែវិច្ឆិកាឆ្នាំមុន លោក គីម ជុងអ៊ុន បាននាំកូនស្រីរបស់គាត់ទៅសង្កេតមើលការសាកល្បងកាំជ្រួចមីស៊ីលអន្តរទ្វីបជាលើកដំបូង។
កាលពីសប្តាហ៍មុន Kim Ju-ae ក៏បានបង្ហាញខ្លួនក្នុងពិធីដង្ហែក្បួនយោធាដ៏ធំមួយក្នុងរដ្ឋធានីព្យុងយ៉ាងជាមួយនឹងឪពុករបស់នាងផងដែរ៕ ដោយធីរីណា
រូបថត: KCNA