ក្រុមកាំភ្លើងធំ Arsenal រកបាន២គ្រាប់ក្នុងម៉ោងបន្ថែម៩០បូកដើម្បីឈ្នះការស៊ុតបាល់បញ្ចូលទីសរុប៦គ្រាប់នៅទឹកដីក្រុម Aston Villa ហើយត្រលប់ទៅឈរកំពូលតារាង Premier League វិញ ក្រោយពីក្រុមមេឃខៀវ Man City បានត្រឹមស្មើក្នុងទឹកដីក្រុមNottingham Forest ក្នុងការប្រកួតកាលពីរាត្រីថ្ងៃទី១៨ កុម្ភៈនេះ។
ការប្រកួតតង់ទី១ ក្រុមម្ចាស់ផ្ទះ Aston Villa បានបើកការនាំមុខ១គ្រាប់នៅនាទីទី៥ ដោយកីឡាករ Ollie Watkins ប៉ុន្តែក្រុមភ្ញៀវកាំភ្លើងធំ Arsenal រកបានគ្រាប់បាល់តាមស្មើវិញនៅនាទីទី១៦ ដោយកីឡាករ Bukayo Saka ប៉ុន្តែក្រុមម្ចាស់ផ្ទះបានរកគ្រាប់បាល់១គ្រាប់ទៀតនៅនាទីទី៣១ រកបានដោយកីឡាករ Philippe Coutinho ធ្វើឲ្យការប្រកួតបញ្ចប់ក្នុងវគ្គទី១ក្នុងលទ្ធផល២ទល់១។
ចូលដល់ការប្រកួតក្នុងតង់ទី២ អ្វីៗបានប្រែប្រួល ដោយក្រុមភ្ញៀវ Arsenal បានបើកការសម្រុកឡើងវិញ ហើយនៅនាទីទី៦១កីឡាករ Oleksandr Zinchenko សញ្ជាតិអ៊ុយក្រែនរកបានគ្រាប់បាល់តាមស្មើ ពីការស៊ុតពីទីទាំងដំបូលទូកយ៉ាងល្អផុតដៃអ្នកចាំទី Emi Martinez របស់ក្រុម Aston Villa។
ចូលដល់ម៉ោងបន្ថែម៩០នាទីបូក៣ ការស៊ុតរបស់កីឡាករ Jorginho ចំគោលដៅដោយបុកនឹងរបាទីខាងលើ ហើយបាល់ក៏ប៉ះក្បាលអ្នកចាំទី Emi Martinez របស់ Aston Villa ចូលទីខ្លួនឯងជួយឱ្យក្រុម Arsenal នាំមុខ ៣–២។ ក្នុងពេលនោះជិតនឹងចប់ការប្រកួតទៅហើយក្រុម Aston Villa បានបាល់ជ្រុងលើកចុងក្រោយដែលធ្វើឲ្យអ្នកចាំទីក្រុមនេះឡើងមកជួយតែតផងដែរ ប៉ុន្តែត្រូវបានខ្សែការពារក្រុម Arsenal តែតចេញពី ធ្វើឲ្យបាល់ដាច់មាត់ជាឱកាសរបស់កីឡាករ Gabriel Martinelli ស៊ុតបញ្ចូលទីគ្រាប់ទី៤ឲ្យ Arsenal រហូតដល់ចប់ការប្រកួតយកឈ្នះក្រុមម្ចាស់ផ្ទះក្នុងលទ្ធផល៤ទល់២។
ជ័យជំនះបានបញ្ចប់ការមិនឈ្នះក្នុងខែកុម្ភៈ៣ប្រកួតរបស់ Arsenal ហើយបាននាំក្រុមនេះត្រឡប់មកវិញពីលើក្រុម Manchester City បន្ទាប់ពីចាញ់ពួកគេកាលពីពាក់កណ្តាលសប្តាហ៍មុន។ មាន ការ និយាយ ច្រើន អំពី ឱកាស ដណ្តើម ពាន របស់ Arsenal ក្រោយ ចាញ់ Man City បើ ទោះ ជា ពួក គេ បាន ឈាន ទៅ ដល់ កម្រិត នៃ ការ ប្រកួត នេះ ដោយឈ្នះ២ ពិន្ទុ ជាមួយ នឹងសល់ការ ប្រកួត ក្នុង ដៃ ក៏ ដោយ។
ចំណែកក្រុមភ្ញៀវ Manchester City បានប្រកួតស្មើជាមួយក្រុមម្ចាស់ផ្ទះ Nottingham Forest នៅកីឡដ្ឋាន City Ground ក្នុងលទ្ធផល១ទល់១។ កីឡាករ Kyle Walker បាននិយាយថា ទម្រង់លេងរបស់ Manchester City គឺមិនអាចទទួលយកបានបន្ទាប់ពីពួកគេខកខានឱកាសដើម្បីត្រលប់ទៅកំពូលតារាង Premier League ជាមួយនឹងលទ្ធផលស្មើជាមួយ Nottingham Forest នៅ City Ground ។
គ្រាប់បាល់ចុងម៉ោងរបស់កីឡាករ Chris Wood បានតាមស្មើ ក្រោយពីក្រុម Man City រកបាន១គ្រាប់នាំមុខតាំងពីតង់ទី១ដោយខ្សែបម្រើ Bernardo Silva ដែលស៊ុតពីចម្ងាយ។
ជាមួយគ្នានោះខ្សែប្រយុទ្ធឆ្នើម Erling Haaland ក៏មានឱកាសផងដែរ ក្រោយពីស៊ុតបាល់ ផ្លោង ប៉ះនឹងរបាទី ហើយក៏មានឱកាសមួយទៀតពី ការ តែត របស់ Aymeric Laporte ប៉ុន្តែត្រូវ បាន សង្គ្រោះ យ៉ាង អស្ចារ្យ ដោយ អ្នក ចាំទី Keylor Navas របស់Nottingham Forest។
កីឡាករ Walker បានបន្តថា “ខ្ញុំមិនបន្ទោសនរណាម្នាក់ទេ ប្រសិនបើខ្សែប្រយុទ្ធមិនទទួលបានសំណាង ឬស៊ុតចំគោលដៅ ពួកយើងជាអង្គភាពការពារត្រូវបន្តយកឈ្នះ ១–០ និងធានាបាន៣ពិន្ទុ។ យើងដឹងថាវាមិនអាចទទួលយកបាននោះទេ។ នោះមិនមែនជាខ្ញុំដែលអន់ចិត្តទេ ប៉ុន្តែយើងបានកំណត់ស្តង់ដារខ្ពស់បែបនេះក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយយើងបន្តទៅការប្រកួតបន្ទាប់“។
លទ្ធផលស្មើនេះបានពង្រីកការមិនស្គាល់ចាញ់ក្នុងផ្ទះរបស់ក្រុម Nottingham Forest ដល់ទៅ៨ប្រកួត ហើយមានន័យថា Man City បានធ្លាក់ទៅលេខ២បន្ទាប់ពី Arsenal បានត្រលប់មកកំពូលវិញជាមួយនឹងជ័យជម្នះ ៤–២ លើក្រុម Aston Villa កាលពីរាត្រីថ្ងៃសៅរ៍។
ការប្រកួតបន្ទាប់ក្រុមកាំភ្លើងធំ Arsenal នឹងត្រូវប៉ះក្រុមម្ចាស់ផ្ទះ Leicester City នៅថ្ងៃទី២៥ ខែកុម្ភៈខាងមុខក្នុងក្របខ័ណ្ឌPremier League ខណៈដែលក្រុមមេឃខៀវ Man City នឹងត្រូវប៉ះក្រុមម្ចាស់ផ្ទះ RB Leipzig នៅថ្ងៃទី២៣ កុម្ភៈ ក្នុងក្របខ័ណ្ឌChampions League ជើងទី១ វគ្គ១៦ក្រុមចុងក្រោយ ៕ (រូបភាព ៖ BBC Sport)