ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន និងជាប្រធានគណបក្សប្រជាជនកម្ពុជាតែងតែដើរជួរមុខក្នុងកិច្ចការពារអាយុជីវិតប្រជាពលរដ្ឋ។ មិនត្រឹមតែប៉ុណ្ណោះទេ មហិច្ឆតារបស់សម្តេចគឺចង់ប្រែក្លាយប្រទេសកម្ពុជាទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០ ។
នេះជាការលើកឡើងរបស់លោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជានិងជាប្រធាន
គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ នាព្រឹកថ្ងៃអាទិត្យទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ក្នុងពិធីប្រកាស
បញ្ជូលសមាជិកគណបក្សប្រជាជនក្នុងខណ្ឌកំបូលចំនួន១.២០០នាក់ នៅក្នុងបរិវេណសួនកុមារ បុរីសង្ឃឹមថ្មី ភូមិតាងួន សង្កាត់កំបូល ខណ្ឌកំបូល។
លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន តែងតែដើរជួរមុខក្នុងការការពារអាយុជីវិតប្រជាពលរដ្ឋកម្ពុជា សម្តេចតេជោនិងបក្សប្រជាជនកម្ពុជាមិនចង់ឱ្យពលរដ្ឋលំបាកនោះទេ ។ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ជាប្រមុខដ៏ឈ្លាសវៃ កម្ពុជាបានបន្តខិតខំ ពុះពារជម្នះការលំបាកទាំងអស់ ធ្វើឱ្យដំណើរការសេដ្ឋកិច្ចនិងសង្គមមានភាពល្អប្រសើរជាបន្តបន្ទាប់ ហើយខិតខំសម្រេច ឱ្យបាននូវគោលដៅអភិវឌ្ឍន៍ដើម្បីក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
លោកបញ្ជាក់ថា ចំណូលកម្រិតខ្ពស់នេះ គឺធ្វើឱ្យប្រជាពលរដ្ឋមានជីវភាពធូរធារ ពោលគឺអ្នកមានការងារធ្វើមានប្រាក់ខែខ្ពស់ដូចអរិយប្រទេសនៅលើពិភពលោក ហើយអ្នកគ្មានការងារធ្វើក៏មានប្រាក់ខែទ្រទ្រង់សង្គមផងដែរ។
លោកបន្តថា ការសម្រេចចិត្តរបស់ក្មួយៗ ពិតជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ដោយក្មួយៗបានមើលឃើញពីការយកចិត្តទុកដាក់និងការលះបង់ដ៏ធំធេងរបស់សម្តេចតេជោហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាក្នុងបុព្វហេតុស្វែងរកសន្តិភាពនិងការអភិវឌ្ឍជូនជាតិ ហើយគណបក្សប្រជាជនហ៊ានសន្យាគឺហ៊ានធ្វើ។ យើងដាច់ខាតត្រូវការពារសន្តិភាពឱ្យបានគង់វង្ស មានសន្តិភាព ទើបយើងមានឱកាសអភិវឌ្ឍប្រទេសឱ្យរីកចម្រើនជឿនលឿនបាន។ យើងអាចការពារសន្តិភាពបានគឺមានតែបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ។
លោកអភិបាលរាជធានីសូមឱ្យសមាជិកម្នាក់ក្លាយជាសន្លឹកឆ្នោត១សន្លឹករបស់គណបក្សប្រជាជនកម្ពុជានៅពេលបោះឆ្នោត២០២៣ខាងមុខនេះ ដើម្បីយើងមានឱកាសកសាងអភិវឌ្ឍប្រទេស អោយរីកចម្រើននរុងរឿងបន្ថែមទៀត។
លោកស្រីកិត្តិបណ្ឌិតអុឹង កន្ថាផាវី សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជានិងជាប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានខណ្ឌកំបូល ក្នុងឱកាសនោះក៏បានមានប្រសាសន៍លើកឡើងផងដែរថា៖ ប្រធានគណបក្សប្រជាជនកម្ពុជា បានឱ្យក្រុមការងារចុះមកបំពេញការងារនៅក្នុងមូលដ្ឋានដើម្បីឱ្យគណបក្សមានភាពរឹងមាំ ។ លោកស្រីរំពឹងថា សមាជិកថ្មីនឹងជួយផ្សព្វផ្យាយគោលនយោបាយរបស់បក្ស ដើម្បីឱ្យប្រជាពលរដ្ឋបានជឿជាក់មកលើបក្សប្រជាជនរបស់យើង ពិសេសពន្យល់ពួកគាត់ឱ្យយល់ពីតម្លៃនៃសុខសន្តិភាព នៅក្នុងប្រទេស បើមិនមានសន្តិភាពទេ គឺកម្ពុជាមិនមានអ្វីទាំងអស់ កុំថាឡើយអភិវឌ្ឍន៍ សូម្បីតែការជួបជុំគ្នាបែបនេះក៏មិនបានផង ។ ដូច្នេះយើងត្រូវរួមគ្នារក្សាសុខសន្តិភាពនេះឱ្យបានគង់វង្ស។យើងត្រូវការពារបក្សរបស់យើង ត្រូវប្រតិកម្មតបតជាមួយការមួលបង្កាច់ បង្ខូច គណបក្សយើង ដោយយកការណ៍ពិតមកបកស្រាយដើម្បីបន្សាបព័ត៌មានអកុសលទាំងអស់នោះវិញ ។ យើងស្រលាញ់គណបក្សប្រជាជន យើងត្រូវការពារឱ្យបានដាច់ខាត ផលប្រយោជន៍របស់គណបក្ស គឺយើងការពារដោយផ្ទាល់និងតាមប្រព័ន្ធបច្ចេកវិទ្យាជាដើម ដោយសារ យុវជនរបស់យើងសម័យនេះពូកែខ្លាំងលើប្រព័ន្ធបច្ចេកវិទ្យាឌីជីថលនេះ។
លោក ឃឹម ស៊ុនសូដា ប្រធានកម្មាធិការគណបក្សខណ្ឌកំបូល ក្នុងឱកាសនោះដែរ ក៏បានធ្វើរបាយការណ៍អំពីការងារកសាងគណបក្សខណ្ឌកំបូល ក្រោមការដឹកនាំរបស់លោកឃួង ស្រេង និងសម្តេចតេជោហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលធ្វើឱ្យរាជធានីភ្នំពេញ ក៏ដូចជាប្រទេសកម្ពុជាមានការអភិវឌ្ឍរីកចម្រើន ។ ដោយមើលឃើញពីការដឹកនាំដ៏ឆ្លាតវៃនេះ ទើបនាំឱ្យក្រុមយុវជនស្ម័គ្រចូលរួមជាសមាជិកបក្សយ៉ាងច្រើនសន្ធឹងសន្ធាប់ជាមួយគណបក្សប្រជាជនកម្ពុជា។
ក្នុងឱកាសនោះដែរ តំណាងសមាជិកថ្មីទាំង១២០០នាក់ ក៏បានឡើងមានមតិប្តេជ្ញាចិត្ត ដោយប្តេជ្ញាថា នឹងដើរតាមគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ពិសេសបានប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះលោកបណ្ឌិត ហ៊ុន ម៉ាណែតជាបេក្ខភាពនាយករដ្ឋមន្ត្រី នាពេលអនាគតផងដែរ៕ ដោយ៖សំរិត