សហព័ន្ធបាល់ទាត់ពិភពលោក FIFA មានទុនបម្រុងជិត៤ពាន់លានដុល្លារ បន្ទាប់ពីជោគជ័យផ្នែកហិរញ្ញវត្ថុក្នុងព្រឹត្តិការណ៍ World Cup ២០២២ នៅប្រទេសកាតា។ ការរីកចម្រើនផ្នែកបដិសណ្ឋារកិច្ច និងការលក់សំបុត្រនៅការប្រកួត World Cup ឆ្នាំ២០២៦ នៅអាមេរិកខាងជើងខាងមុខនេះ ត្រូវបានគេរំពឹងថា នឹងបន្ថែមរាប់ពាន់លានដុល្លារដល់ប្រាក់ចំណូលរបស់ស្ថាប័ន គ្រប់គ្រងបាល់ទាត់អន្តរជាតិ។
ស្ថាប័នបាល់ទាត់ពិភពលោកមួយនេះបានរៀបរាប់លម្អិតអំពីហិរញ្ញវត្ថុរឹងមាំ ជាពិសេសលើរបាយការណ៍ប្រចាំឆ្នាំ២០២២របស់ខ្លួនដោយឃើញប្រាក់រង្វាន់ប្រចាំឆ្នាំរបស់ប្រធាន Gianni Infantino កើនឡើងចំនួន៦៧៣,០០០ដុល្លារ ។ ប្រាក់បៀវត្សរ៍គោលមុនបង់ពន្ធ និងកញ្ចប់ប្រាក់រង្វាន់សរុបរបស់លោកមានចំនួនសរុប៣.៩លានដុល្លារបូករួមទាំងការចំណាយ និងអត្ថប្រយោជន៍បន្ថែមរបស់FIFA ផងដែរ។
ព្រឹត្តិការណ៍ World Cup កាលពីខែវិច្ឆិកា FIFA បានប្រកាសប្រាក់ចំណូលជិត៧.៦ពាន់លានដុល្លារសម្រាប់វដ្តពាណិជ្ជកម្មរយៈពេល៤ឆ្នាំរហូតដល់ឆ្នាំ២០២២ ដោយភាគច្រើនរកបានពីការប្រកួតបាល់ទាត់ពិភពលោកបុរស។ ទុនបម្រុងរបស់ FIFA មានចំនួន៣.៩៧ពាន់លានដុល្លារនៅចុងឆ្នាំធៀបនឹង ១.៦ពាន់លានដុល្លារ រហូតដល់ឆ្នាំ២០២១ ។
ស្ថាប័នហិរញ្ញវត្ថុពិភពលោកផ្នែកបាល់ទាត់បានបង្ហាញរបាយការណ៍ថា ទីតាំងហិរញ្ញវត្ថុរបស់ FIFA នៅតែរឹងមាំ និងមាននិរន្តរភាពជាមួយនឹងមូលដ្ឋាន សាច់ប្រាក់ដ៏ច្រើន និងទុនបម្រុងគ្រប់គ្រាន់។ ប្រាក់ចំណូល១១ពាន់លានដុល្លារត្រូវបានព្យាករណ៍ទុកក្នុងខែធ្នូសម្រាប់រយៈពេល៤ឆ្នាំខាងមុខត្រូវបានជំរុញដោយការប្រើប្រាស់កីឡដ្ឋាន NFL ភាគច្រើនសម្រាប់ការប្រកួតបាល់ទាត់ពិភពលោកមាន៤៨ ក្រុមនៅឆ្នាំ២០២៦ខាងមុខ នឹងត្រូវធ្វើជាម្ចាស់ផ្ទះរួមគ្នាគឺសហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិក។
ការប្រើប្រាស់កីឡដ្ឋាន Dallas Cowboys, Los Angeles Rams និងម្ចាស់ជើងឯក Super Bowl Kansas City Chiefs បូករួមទាំងកន្លែង NFL ផ្សេងទៀតបានជំរុញប្រាក់ចំណូលដែលរំពឹងទុករបស់ FIFA ចំនួន ៣.១ពាន់លានដុល្លារ និងការលក់សំបុត្រក្នុងរយៈពេល៤ឆ្នាំខាងមុខ។
FIFA បញ្ជាក់ថា ស្ថាប័នទទួលបានទឹកប្រាក់សរុបចំនួន៩២៩លានដុល្លារនៅប្រទេសកាតា ពីការលក់សំបុត្រសម្រាប់ការប្រកួតចំនួន៦៤ និងចំណូលមកពីកម្មវិធីបដិសណ្ឋារកិច្ច ដែលត្រូវបានលក់កាលឆ្នាំ ២០១១ សម្រាប់តម្លៃសិទ្ធិ និងចំណែកប្រាក់ចំណេញដែលបន្ថែមរហូតដល់២៤៣លានដុល្លារ ៕ (រូបភាព ៖ forbes/CNA/sabcsport)