ភ្ញៀវទេសចរចិន ជិត១០ម៉ឺននាក់បានមកលេងប្រទេសថៃក្នុងខែមករា

ចែករំលែក៖

ប្រព័ន្ធផ្សព្វផ្សាយចិនបានដកស្រង់ស្ថិតិដែលបង្ហាញថា ភ្ញៀវទេសចរចិនដែលមកលេងប្រទេសថៃបានកើនដល់ជិត ១០ម៉ឺននាក់ក្នុងខែមករាឆ្នាំ២០២៣។

សារព័ត៌មានចិនបានដកស្រង់ប្រភពពីការិយាល័យរដ្ឋបាលទេសចរណ៍ជាតិថៃរបស់ទីក្រុងគុនមីងថា ក្នុងរយៈពេលមួយខែ (ថ្ងៃទី 1 ខែមករា ដល់ថ្ងៃទី 2 ខែកុម្ភៈ) ប្រទេសថៃបានស្វាគមន៍ភ្ញៀវទេសចរចិនចំនួន 99.429 នាក់។ ខណៈពេញមួយឆ្នាំ២០២២ ភ្ញៀវទេសចរចិនទៅប្រទេសថៃមានតែ ២៨៦.៥១១នាក់ប៉ុណ្ណោះ។
ប្រទេសចិនធ្លាប់ជាប្រភពទេសចរណ៍ដ៏ធំបំផុតរបស់ប្រទេសថៃ។ ចាប់តាំងពីការរីករាលដាលនៃមេរោគ Covid-19 មក ឧស្សាហកម្មទេសចរណ៍របស់ប្រទេសថៃបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ចំនួនអ្នកទេសចរទៅកាន់ប្រទេសថៃ រួមទាំងភ្ញៀវទេសចរចិនបានថយចុះយ៉ាងខ្លាំង។
ចាប់ពីថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ២០២៣ ប្រទេសចិនកំពុងសាកល្បងការបន្តកម្មវិធីនៃទីភ្នាក់ងារទេសចរណ៍និងវេទិកាធ្វើដំណើរតាមអុីនធឺណេតដែលរៀបចំដំណើរទេសចរណ៍ជាក្រុមនៅបរទេស និងកម្មវិធី “សំបុត្រយន្តហោះ + សណ្ឋាគារ” សម្រាប់ជនជាតិចិនទៅកាន់ប្រទេសដែលពាក់ព័ន្ធ។ ប្រទេសចំនួន 20 ត្រូវបានរួមបញ្ចូលនៅក្នុងកម្មវិធីសាកល្បងដំបូងដោយប្រទេសចិន រួមទាំងប្រទេសថៃផងដែរ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់ចិន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡាថៃ នៅថ្ងៃទី២០ ខែកុម្ភៈ បាននិយាយថា ប្រទេសថៃបានធ្វើការងារបានល្អក្នុងការរៀបចំស្វាគមន៍ភ្ញៀវទេសចរមកកាន់ប្រទេសនេះ។ ដើម្បីកសាងទំនុកចិត្តភ្ញៀវទេសចរ រដ្ឋាភិបាលថៃបានបញ្ចូលស្តង់ដារសេវាកម្មដែលមានគុណភាពខ្ពស់ និងវិធានការសុខភាពសាធារណៈ ហើយបានចេញគោលនយោបាយនិងគោលការណ៍ណែនាំសម្រាប់ស្វាគមន៍ភ្ញៀវ។
យោងតាមអាជ្ញាធរទេសចរណ៍នៃប្រទេសថៃបានបញ្ជាក់ថា នឹងមានភ្ញៀវទេសចរចិនប្រមាណ 300.000 នាក់ទៅកាន់ប្រទេសថៃនៅក្នុងត្រីមាសទីមួយនៃឆ្នាំនេះ និងប្រហែល ៥ លាននាក់ក្នុងមួយឆ្នាំទាំងមូល៕ ដោយធីរីណា

...

រូប​ថត​ :Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print