ភ្នំពេញ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ប្រកាសថ្កោលទោស ទណ្ឌិតក្បត់ជាតិបីជំនាន់ សម រង្ស៊ី ដែលប្រមាថម្តងហើយម្តងទៀត ដល់អង្គព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ។ នេះបេីយោងតាមប្រភពព័ត៍មានពីញាត្តិថ្កោលទោស របស់គណបក្សប្រជាជនកម្ពុជា បានឱ្យដឹងនៅព្រឹកថ្ងៃពុធទី២២ ខែកុម្ភៈ ឆ្នាំ២០២៣។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា សូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះ ទណ្ឌិតក្បត់ជាតិបីជាន់ សម រង្ស៊ី ដែលបានប្រមាថជាថ្មី ដល់អង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ ខ្ពង់ខ្ពស់បំផុត របស់ប្រជារាស្ត្រខ្មែរទូទាំងប្រទេស ។
កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ ទណ្ឌិតក្បត់ជាតិបីជំនាន់ សម រង្ស៊ី បានចោទប្រកាន់ យ៉ាងគឃ្លីន លើព្រះអង្គម្ចាស់ជីវិតតម្កល់លើត្បូង ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលជាអំពើល្មើសច្បាប់ ដ៏ធ្ងន់ធ្ងរបំផុតមិនអាចលើកលែងអោយបានជាដាច់ខាត ដោយមាត្រា៧ នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណា ចក្រកម្ពុជា បានចែងថា ៖ “អង្គព្រះមហាក្សត្រមិនអាចនរណារំលោភបំពានបានឡើយ” និងបទល្មើស ព្រហ្មទណ្ឌ ដែលមានចែង និងផ្ដន្ទាទោសតាមបទបញ្ញត្តិនៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ។
ការប្រមាថរបស់ ទណ្ឌិតក្បត់ជាតិបីជំនាន់ ចំពោះអង្គព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលជារដ្ឋបុរសស្នេហាជាតិដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជាជាតិខ្មែរ គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ បំផុតដល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា សូមអំពាវនាវ អាជ្ញាធរមានសមត្ថកិច្ច នៃព្រះរាជា ណាចក្រកម្ពុជា ចាត់វិធានការផ្លូវច្បាប់យ៉ាងម៉ឹងម៉ាត់ជាទីបំផុតទៅលើ ទណ្ឌិតក្បត់ជាតិបីជំនាន់ សម រង្ស៊ី ព្រមទាំងបក្សពួកដែលហ៊ានប្រព្រឹត្តអំពើអសីលធម៌ និងបំពានច្បាប់ជាធរមាន ដែលមិនអាចអត់អោន ឱ្យបានជាដាច់ខាត ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា សូមប្ដេជ្ញា និងប្រកាសជាឱឡារិក ថា ៖ នឹងបន្ត គោរពគាំទ្រ និងដង្ហែតាមអង្គព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលជាឥស្សរជន និងជាវីរៈបុរស ស្នេហាជាតិដ៏កំពូល និងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជារាស្ត្រខ្មែរ ជារៀង រហូតតទៅ៕ដោយ៖ស តារា