ភ្នំពេញ ៖ នារីម្នាក់បើកម៉ូតូដេញតាមចោរឆក់កាបូប បណ្តាលឲ្យជ្រុលទៅបុកម៉ូតូអ្នកដំណើរមួយគ្រឿងទៀត រងរបួសធ្ងន់ទាំងសងខាង ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យរុស្ស៊ី ដើម្បីសង្រ្គោះភ្លាមៗ ។
ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង៥និង៣០នាទី ព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្តោយផ្លូវលេខ២១៧ ត្រង់ចំណុចច្រមុះជ្រូកស្ទឹងមានជ័យ សង្កាត់ ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុនារីរងគ្រោះបានបើម៉ូតូមួយគ្រឿង ម៉ាកស្គុបពី ពណ៌ក្រហម ពាក់ស្លាកលេខ តាកែវ1Q- 7478 ជិះដេញតាមម៉ូតូជនសង្ស័យមួយគ្រឿង មិនចាំម៉ាកពីម្តុំលូ៥ផ្លូវវេងស្រេង ឆ្ពោះមកច្រមុះជ្រូកស្ទឹងមានជ័យ ក្នុងទិសដៅពីលិចទៅកើត ដោយស្រែកថាចោរៗ ចោរឆក់កាបូបខ្ញុំ ខណ:មកដល់ចំនុចកើតហេតុ ក៏បានជ្រុលទៅបុកម៉ូតូអ្នកដំណើរមួយគ្រឿង ដែលកំពុងតែធ្វើដំណើរតាមផ្លូវពេញទំហឹង បណ្តាលឲ្យរងរបួសធ្ងន់ទាំង២នាក់។
បន្ទាប់ពីកើតហេតុសមត្ថកិច្ច បានចុះមកដល់ទីតាំងកើតហេតុ ដើម្បីធ្វើកំណត់ហេតុ និងយកម៉ូតញទាំង២គ្រឿង ទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ២ ដើម្បីស្រាវជ្រាវ និងដោះស្រាយគ្នានៅពេលក្រោយ៕ ដោយ៖ជ្រោយពេជ្រ