ប្រទេសវៀតណាម : ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម មានសេចក្តីសោមនស្សរីករាយជម្រាបជូនសាធារណៈជន មេត្តាជ្រាបថា នៅថ្ងៃពុធ ៣កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ១០:០០ ព្រឹក លោកស្រី ជា គឹមថា បានប្រគល់សារតាំងរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជូនលោកស្រី Vo Thi Anh Xuan ប្រធានរដ្ឋស្តីទីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
លោកស្រី ជា គឹមថា គឺជាឯកអគ្គរាជទូតស្ត្រីខ្មែរដំបូងគេរបស់កម្ពុជា ប្រចាំប្រទេសវៀតណាម ចាប់តាំងពីថ្ងៃបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងវៀតណាម នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ១៩៦៧។
នៅក្នុងឱកាសដ៏វិសេសវិសាលនេះ មន្ត្រីការទូត និងបុគ្គលិកនៃស្ថានឯកអគ្គរាជទូត សូមសម្តែងនូវមនោសញ្ចេតនាសប្បាយរីករាយ និងអបអរសាទរយ៉ាងកក់ក្តៅជូនចំពោះលោកស្រី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម និងសូមជូនពរលោកស្រី ទទួលបានជោគជ័យក្នុងបេសកកម្មការទូតដ៏ឧត្តុង្គឧត្តម និងសមប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕