ខេត្តមណ្ឌលគិរី៖ បុរសម្នាក់ ដោយសារឆក់ត្រីខ្វះការប្រុងប្រយ័ត្ន បណ្តាលឱ្យឆក់ខ្លួនឯងស្លាប់ក្នុងទឹក រហូតមានសភាពហើមមើលមិនស្គាល់ទៅហើយ។ នេះបេីតាមប្រភពព័ត៌មានពីរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅរសៀលថ្ងៃព្រហស្បតិ៍ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣។
ប្រភពដដែលបន្តថា ហេតុការណ៍ប្រទះឃេីញសាកសពខាងលេីនេះ បានកេីតឡេីងកាលពីរសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ សាកសពមានឈ្មោះ ញឹម អឹប ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្នរស់នៅភូមិចក់ចារ ឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ត្រូវបានចរន្តអគ្គិសនីឆក់ស្លាប់ ខណៈទៅឆក់ត្រីដោយខ្វះការប្រុងប្រយ័ត្ន ។
តបតាមការបំភ្លឺប្រាប់សមត្ថកិច្ចតាមរយៈកូនស្រីបង្កើតរបស់ជនរងគ្រោះ ឈ្មោះ អឹប អមរ៉ា បានឆ្លើយប្រាប់ថា ៖ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង១៣និង៣០នាទី ឪពុករបស់ខ្ញុំបានចេញពីផ្ទះទៅរកឆក់ត្រីនៅអូររ៉ាងលើ រហូតដល់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ មិនឃើញគាត់ត្រឡប់មកផ្ទះវិញទេ ។ ខ្ញុំក៏បានឱ្យប្ដីខ្ញុំ និងបងប្រុសរបស់ខ្ញុំទៅតាមរក ប៉ុន្តែរកមិនឃើញ ។
លុះព្រឹកឡើង វេលាម៉ោង០៧និង៣០នាទី ក៏បាននាំគ្នាទៅរកទៀត ក្នុងនោះមានទាំងកម្លាំង ប្រជាការពារ និងអ្នកភូមិ ចំនួន១៨នាក់ រហូតដល់ម៉ោង០៩និង៣០នាទី ក៏បានទៅដល់ចំណុចអូររ៉ាង និងបានចែកផ្លូវគ្នាដើររកនៅពេលចុះទៅដល់ក្នុងអូរ ចម្ងាយប្រហែល ២០០មែត្រ ក៏ប្រទះឃើញសាកសពក្នុងទឹកនៅលើអាគុយ ដោយដៃទាំងពីរកាន់ជាប់ដងឆក់ ក្នុងសភាពហើមមើលមិនស្គាល់ទៅហើយ ។
តាមការសន្និដ្ឋាននិងកាធ្វើកោសល្យវិច័យរបស់សមត្ថកិច្ច គឺជនរងគ្រោះពិតជាបានស្លាប់ដោយសារឆ្លងចរន្តអគ្គិសនីម៉ាស៊ីនឆក់ត្រីពិតប្រាកដមែន មិនពាក់ព័ន្ធនិងករណីរឿងព្រហ្មទណ្ឌឡើយ ។
បច្ចុប្បន្ន សាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប៉ុស្ដិ៍នគបាលរដ្ឋបាល ឃុំស្រែឈូក បានប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី នៅផ្ទះសពក្នុងភូមិចក់ចា ឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី៕ដោយ៖សហការី