សង្គ្រាមរវាងលោកខាងលិចជាមួយរុស្ស៊ីនិងចិនជិតចាប់ផ្តើមហើយឬ?

ចែករំលែក៖

ក្រោយពេលដែលអាមេរិក បំពេញទស្សនកិច្ចទៅកាន់ប្រទេសអ៊ុយក្រែននិងបណ្តាប្រទេសសម្ព័ន្ធមិត្តក្នុងតំបន់អឺរ៉ុប ដោយបង្ហាញពីការគាំទ្រដល់អ៊ុយក្រែនមក ក្នុងពេលនេះដែរ ចិនក៏បានចាប់ផ្តើមបំពេញទស្សនកិច្ចននៅប្រទេសរុស្ស៊ី ផងដែរ ដើម្បីជាការបង្ហាញការគាំទ្រដល់សម្ព័ន្ធមិត្តរុស្ស៊ី ។

នៅថ្ងៃទី 22 ខែកុម្ភៈអគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បាននិយាយថា មាន “ការចង្អុលបង្ហាញ” មួយចំនួនដែលថាប្រទេសចិនអាចនឹងមានគម្រោងផ្តល់ជំនួយសព្វាវុធដល់រុស្ស៊ីក្នុងអំឡុងពេលមានជម្លោះនៅអ៊ុយក្រែន។
នៅពេលសួរថា តើ NATO មានសញ្ញាណណាមួយដែលថាប្រទេសចិនអាចនឹងមានឆន្ទៈក្នុងការផ្តល់អាវុធឬការគាំទ្រផ្សេងទៀតដល់ប្រទេសរុស្ស៊ី? លោកStoltenberg បាននិយាយថា “យើងបានឃើញសញ្ញាមួយចំនួនដែលបង្ហាញថាពួកគេកំពុងមានផែនការសម្រាប់រឿងនោះ។ សម្ព័ន្ធមិត្តណាតូ ដែលដឹកនាំដោយអាមេរិកបានព្រមានថា ចិនមិនគួរគាំទ្រសង្គ្រាមរុស្ស៊ីនេះទេ»។
លោក Stoltenberg បានជំរុញទីក្រុងប៉េកាំងឱ្យបញ្ឈប់សកម្មភាពដែលអាចនឹងបំពានច្បាប់អន្តរជាតិ។ លោកបាននិយាយថា ការគាំទ្ររបស់ចិនគឺមានន័យដូចគ្នាជាមួយនឹងការគាំទ្រ “សម្រាប់ការរំលោភលើច្បាប់អន្តរជាតិ។ ក្នុងនាមជាសមាជិកនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ប្រទេសចិនមិនគួរគាំទ្រសកម្មភាពដែលបំពានលើធម្មនុញ្ញអង្គការសហប្រជាជាតិ ក៏ដូចជាច្បាប់អន្តរជាតិ”។
មុននេះ អគ្គលេខាធិការ Stoltenberg បាននិយាយថា ណាតូមិនមែនជាភាគីនៃសង្គ្រាមនោះទេ ប៉ុន្តែនឹងគាំទ្រអ៊ុយក្រែន “ឱ្យបានយូរតាមដែលអាចធ្វើទៅបាន”។
នៅថ្ងៃទី 22 ខែកុម្ភៈ ប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន បានទទួលមន្ត្រីជាន់ខ្ពស់គោលនយោបាយការបរទេសនៃបក្សកុម្មុយនិស្តចិន ដឹកនាំដោយលោក Wang Yi ប្រធានការិយាល័យមជ្ឈិមទទួលបន្ទុកកិច្ចការបរទេសនៃបក្សកុម្មុយនិស្តចិន។ ទង្វើនេះបានធ្វើឱ្យមានការព្រួយបារម្ភនៅលោកខាងលិចដែលថាទីក្រុងប៉េកាំងអាចមានឆន្ទៈក្នុងការផ្តល់ឱ្យទីក្រុងមូស្គូនូវការគាំទ្រកាន់តែខ្លាំងនៅក្នុងជម្លោះរយៈពេលមួយឆ្នាំនៅអ៊ុយក្រែន៕ ដោយធីរីណា

...

រូប​ថត​ : AFP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print