ភ្នំពេញ : សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ ចំណេះដឹងទទួលបានថ្ងៃនេះ គឺជាសមិទ្ធផលដ៏សំខាន់សម្រាប់ជាតិ និងប្រជាជនកម្ពុជា ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងថា សម្តេចមានមោទកភាពដែលបានរួមចំណែកជាមួយបងប្អូនជនរួមជាតិ ជាមួយលោកគ្រូអ្នកគ្រូសាស្ត្រាចារ្យក្នុងរយៈពេល ៤៤ ឆ្នាំកន្លងទៅនេះ គឺបានស្ដារវិស័យអប់រំសិក្សាធិការពីគំនរផេះផង់សង្គ្រាមក្លាយទៅជាប្រព័ន្ធអប់រំមួយមានលក្ខណៈទើបល្អជាបណ្ដើរៗ។
សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ ព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ជាង ៧ពាន់នាក់។
សម្តេចតេជោ ហ៊ុន សែន ថ្លែងអបអរសាទរនូវសមិទ្ធផលថ្មីៗ ដែលស្ថិតក្នុងដំណាក់កាលសេដ្ឋកិច្ចផ្អែកលើចំណេះដឹង នេះមិនមែនរឿងចៃដន្យនោះទេ ហើយក៏មិនមែនទេវតាប្រទាននោះដែរ។ នេះជាកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងស្តារ និងអភិវឌ្ឍប្រទេសមានសុខសន្តិភាព ជាពិសេសការពង្រឹងធនធានមនុស្ស ដូច្នេះគ្រប់គ្រឹះស្ថានសិក្សា ទាំងរដ្ឋ និងឯកជន ត្រូវបន្តចូលរួមជម្រុញការបណ្តុះបណ្តាលធនធានមនុស្សឱ្យមានគុណភាព។
សម្តេចតេជោ ហ៊ុន សែន ប្រកាសអបអសាទរដល់និស្សិតជ័យលាភីទាំងជាង៧ពាន់នាក់ នៅព្រឹកនេះ និងសូមអបអរសាទរ និងថ្លែងការកោតសរសើរដោយស្មោះ អស់ពីដួងចិត្ត ដល់និស្សិតពិការភាព ដែលបានប្រឹងប្រែង យកចិត្តទុកដាក់ និងជំនះការលំបាកគ្រប់បែបយ៉ាង រហូតទទួលបានជោគជ័យនាពេលនេះ ។សម្តេចបញ្ជាក់ថា «ក្មួយៗ ពិការតែរាងកាយ តែមិនពិការចិត្តទេ»។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា វាជារឿងអគុណធម៌ និងអសីលធម៌ខ្លាំងណាស់ ដែលឪពុកម្តាយរបស់ខ្លួនប្រឹងប្រែងឱ្យកូនបានរួចរស់ និងបានរៀនសូត្ររហូតក្លាយបណ្ឌិតសាស្ត្រាចារ្យ បែរជា ស៊ន ដារ៉ា មកបង្អាប់បន្តុះ ឪពុកម្តាយជាមនុស្សល្ងង់ទៅវិញ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា បើយោងតាមអាយុរបស់ស៊ន ដារ៉ា យើងអាចសន្និដ្ឋានថា ឪពុកម្តាយរបស់ស៊ន ដារ៉ា ជាអ្នករួចរស់ពីការកាប់សម្លាប់របស់ប៉ុលពត ហើយ ស៊ន ដារ៉ា គឺជាមរកតចេញពីឪពុកម្តាយរបស់ខ្លួន ដូចអ្វីដែល ស៊ន ដារ៉ា ធ្លាប់និយាយថា «ហ៊ុន ម៉ាណែត ជាមរកតរបស់ហ៊ុនសែន»ដូច្នេះដែរ៕
ដោយ : សិលា