លោកខាងលិចបានបន្ថែមអាវុធជាបន្តបន្ទាប់ទៅកាន់ប្រទេសអ៊ុយក្រែន បង្កក្តីបារម្ភយ៉ាងខ្លាំងពីសង្គ្រាមអូសបន្លាយក្លាយជាសង្គ្រាមទ្រង់ទ្រាយធំ។
ក្នុងពេលនេះដែរបណ្តាប្រទេសលោកខាងលិចក៏បានលើកឡើងផងដែរថា ចិនបានត្រៀមលក្ខណៈផ្តល់អាវុធទៅឱ្យរុស្ស៊ី ដើម្បីបន្តសង្គ្រាមនៅលើទឹកដីអ៊ុយក្រែនជាមួយប្រទេសលោកខាងលិច ។
សារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ បានដកស្រង់ទស្សនាវដ្តី Der Spiegel របស់អាល្លឺម៉ង់ ដែលបានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា រុស្ស៊ីកំពុងពិភាក្សាជាមួយក្រុមហ៊ុនចិនអំពីការទិញយន្តហោះដ្រូនចំនួន ១០០គ្រឿង ជាមួយនិងការកំណត់កាលបរិច្ឆេទចែកចាយនៅក្នុងខែមេសា។
ដោយមិនបញ្ជាក់ប្រភព ទស្សនាវដ្តី Der Spiegel បានសរសេរថា ក្រុមហ៊ុនផលិតយន្តហោះដ្រូនរបស់ចិន Xian Bingo Intelligent Aviation Technology កំពុងរៀបចំដើម្បីបង្កើតគំរូយន្តហោះដ្រូន ZT-180 ចំនួន១០០គ្រឿង ដែលអាចផ្ទុកក្បាលគ្រាប់ទម្ងន់ពី ៣៥ទៅ៥០គីឡូក្រាម។ វាមានលក្ខណៈស្រដៀងគ្នាទៅនឹងយន្តហោះដ្រូន Shaheed-136 របស់អ៉ីរ៉ង់ ដែលត្រូវបានរាយការណ៍ថា រុស្ស៊ីយកទៅប្រើនៅអ៊ុយក្រែន។
ទស្សនាវដ្តី Der Spiegel បានបន្ថែមថា ក្រុមហ៊ុន Bingo ក៏មានគម្រោងជួយបង្កើតកន្លែងផលិតយន្តហោះដ្រូនក្នុងប្រទេសរុស្ស៊ី ដែលអាចផលិតបានរហូតដល់ ១០០គ្រឿង ក្នុងមួយខែ។ ទោះយ៉ាងនេះក្តី ក្រុមហ៊ុន Bingo មិនអាចទាក់ទងសុំកាអត្ថាធិប្បាយបានទេជុំវិញរបាយការណ៍នេះ។
ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ សហរដ្ឋអាមេរិក អាល្លឺម៉ង់ និងបណ្តាប្រទេសលោកខាងលិចផ្សេងទៀតបានព្រមានចិនកុំឱ្យលក់អាវុធទៅឲ្យរុស្ស៊ីសម្រាប់ធ្វើសង្គ្រាមនៅអ៊ុយក្រែន ដោយនិយាយថា សកម្មភាពបែបនេះនឹងនាំផលវិបាកធ្ងន់ធ្ងរ៕ ដោយធីរីណា
រូបថត : tienphong.vn