នៅក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយ CBS News នាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កណ្តាលអាមេរិក (CIA) លោក Bill Burns បានបញ្ជាក់ពីលទ្ធភាពដែលចិនអាចបញ្ជូនជំនួយដ៍សាហាវដល់រុស្ស៊ីក្នុងជម្លោះនៅអ៊ុយក្រែន។
លោក Burns បានប្រាប់ពិធីករ CBS ថា “យើងជឿថាភាគីចិនកំពុងពិចារណាផ្តល់អាវុធដ៍សាហាវ” ។ ទន្ទឹមនឹងនេះដែរ កាលពីដើមខែកុម្ភៈ នាយក Burns បានប្រាប់និស្សិតនៅសកលវិទ្យាល័យ Georgetown ថា ប្រធានាធិបតីចិន Xi Jinping «ស្ទាក់ស្ទើរក្នុងការផ្តល់អាវុធដ៏សាហាវដល់រុស្ស៊ីសម្រាប់ប្រើប្រាស់ក្នុងសង្គ្រាមនៅប្រទេសអ៊ុយក្រែន»។
លោក Burns បានសង្កត់ធ្ងន់ថា ប្រទេសចិនមិនបានធ្វើការសម្រេចចិត្តចុងក្រោយលើការផ្ទេរអាវុធដ៏សាហាវទៅឱ្យរុស្ស៊ីនោះទេ ហើយមិនមានភស្តុតាងណាមួយដែលបង្ហាញថា អាវុធដ៏សាហាវបែបនេះត្រូវបានផ្ទេរដោយប្រទេសចិននោះទេ។
កាលពីសប្តាហ៍មុន រដ្ឋមន្ត្រីការបរទេសអាមេរិក Blinken បាននិយាយថា ប្រទេសចិនកំពុងផ្គត់ផ្គង់អាវុធដ៏សាហាវដល់រុស្ស៊ីយ៉ាងសកម្ម។ យ៉ាងណាក៏ដោយ ក្រសួងការបរទេសចិនក្រោយមកបានបដិសេធការអះអាងបែបនេះ។
កន្លងមក អាមេរិកធ្លាប់ដាក់ទណ្ឌកម្មលើក្រុមហ៊ុនចិនដែលផ្តល់ជំនួយ រួមទាំងរូបភាពផ្កាយរណបដើម្បីជួយរុស្ស៊ីក្នុងការកំណត់គោលដៅអាវុធសត្រូវក្នុងពេលប្រយុទ្ធ។ ប្រធានទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កណ្តាលរបស់អាមេរិកបាននិយាយថា ប្រទេសចិនប្រហែលជាកំពុងពិចារណាយ៉ាងប្រុងប្រយ័ត្នអំពីផលវិបាកនៃលទ្ធភាពនៃការផ្តល់អាវុធដល់រុស្ស៊ី៕ ដោយធីរីណា
រូបថត : VOV.VN