ភ្នំពេញ : អគ្គលេខាធិការដ្ឋានរដ្ឋសភាសូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា នៅព្រឹកថ្ងៃអង្គារ ៩កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ៨:០០នាទី រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានបើកសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដោយ មានវត្តមាន សមាជិក សមាជិការដ្ឋសភាពពេលផ្ដើមសម័យប្រជុំចំនួន ៩៨រូប។
មុននឹងចាប់ផ្តើមសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៦ អង្គសភាបានអនុម័តសមាសភាពលេខាធិការ ចំនួន ៣រូប សម្រាប់សម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៦ ដែលមាន៖
១- លោក នាង វាសនា អាយុ ៤១ឆ្នាំ
២- លោក ចាប ម៉ុច អាយុ ៦៥ឆ្នាំ
៣- លោក ខឹម ច័ន្ទគីរី អាយុ ៦៦ឆ្នាំ
របៀបវារៈ សម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៦ មានចំនួន២ ដែលមាន លទ្ធផលដូចខាងក្រោម៖
១- ការសម្រេចអំពីសុពលភាពនៃអាណត្តិរបស់ លោក ទី ថានី ជាតំណាងរាស្ត មណ្ឌលខេត្តពោធិ៍សាត់ ជំនួស លោក ខូយ សុខា ដែលបានទទួលមរណភាព
សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានអាននូវសេចក្តីប្រកាស របស់ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ទទួលស្គាល់ការសម្រេចអំពីសុពលភាពនៃអាណត្តិរបស់បេក្ខជន ជាប់ឆ្នោតតំណាងរាស្ត្រ នីតិកាលទី៦ នៃរដ្ឋសភា លោក ទី ថានី តំណាងរាស្ត្រមណ្ឌលខេត្តពោធិ៍សាត់ ជំនួស លោក ខូយ សុខា ដែលបានទទួលមរណភាព។
២- ការបោះឆ្នោតជ្រើសតាំង លោក យិន ប៊ុនណាង ជាសមាជិកគណៈកម្មការ ផនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក អង្គសភាបានធ្វើការបោះឆ្នោតជ្រើសតាំង លោក យិន ប៊ុនណាង ជាសមាជិកគណៈកម្មការ ផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក នៃរដ្ឋសភា ដោយទទួលបាន សន្លឹកឆ្នោត ព្រម ចំនួន ១០០សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល។ សម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៦ បានបិទសម័យប្រជុំនៅវេលាម៉ោង ៨:៥០នាទីនាថ្ងៃខែឆ្នាំ ដដែល ៕
ដោយ : សិលា