ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅព្រឹកទី១ ខែមីនា ឆ្នាំ២០២៣នេះ បានមានប្រសាសន៍សំខាន់ៗ ក្នុងពិធីអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាចំនួន២ខ្នង និងប្រគល់សញ្ញាបត្រជូននិស្សិតនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាជិត ៥ពាន់នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងនិងពិព័រណ៌កោះពេជ្រ។
សូមអានប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន មានដូចខាងក្រោម៖
សម្តេចតេជោ ហ៊ុន សែន ថ្លែងថា គិតត្រឹមថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣នេះ សល់រយៈពេលតែ ៦៥ថ្ងៃទៀតប៉ុណ្ណោះ នៃដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះ នៃការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ដែលប្រទេសកម្ពុជាបានទទួលធ្វើជាម្ចាស់ផ្ទះ។
សម្តេចតេជោ ថ្លែងរំលឹកអតីតកាលដ៏ជូរចត់ថា អ្នកតាំងខ្លួនជាប្រទេសប្រជាធិបតេយ្យ សេរី តែអ្នកបែរជាគាំទ្ររដ្ឋប្រហារនៅភ្នំពេញ ធ្វើឱ្យកម្ពុជាធ្លាក់ចូលក្នុងជ្រោះមរណៈ នៃរបបប៉ុលពត និងគាំទ្រអាសនៈខ្មែរក្រហមនៅអង្គការសហប្រជាជាតិថែមទៀត។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសដល់បរទេសទាំងឡាយ សូមកុំលូកដៃចូលកិច្ចការផ្ទៃក្នុងកម្ពុជា និងកុំឱ្យប្រវត្តិសាស្ត្រជ្រាំដែលកើតឡើងនៅប្រទេស និងប្រជាជនកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា កម្ពុជាមិនអនុញ្ញាតឱ្យបរទេសទាំងឡាយ កសាងកំហុសដ៏ឈឺចាប់មកលើប្រទេសកម្ពុជាបន្តទៅទៀតឡើយ។
សម្តេចតេជោ ហ៊ុន សែន ថ្លែងថា គ្មានការជោគជ័យណា ដែលកើតឡើងដោយមិនឆ្លងកាត់ការលំបាកនោះទេ។ កម្ពុជាមានប្រវត្តិឈឺចាប់ ទឹកភ្នែក និងស្លាប់អាយុជីវិតមនុស្សអស់ជាច្រើន។ សម្តេចតេជោ គូសបញ្ជាក់ថា៖«គ្មានជោគជ័យណាមួយដែលមិនកើតចេញពីការលំបាកទេ ដូច្នេះជោគជ័យនៃការលំបាកនេះ គឺត្រូវថែរក្សាឱ្យបាន ជាពិសេសគឺកត្តាសុខសន្ដិភាព ដូច្នេះទើបគ្រប់គ្នាបានចង់ចាំនៅថ្ងៃរំដោះ ៧ មករា ដែលបានរំដោះជីវិតរបស់ប្រជាជននៅទូទាំងប្រទេស»។
សម្តេចតេជោ ថ្លែងថា កម្ពុជាកំណត់យកឆ្នាំ២០២៥ ដោះស្រាយបញ្ហាគ្រាប់មីនឱ្យអស់ពីទឹកដីកម្ពុជា។ សម្តេចបញ្ជាក់ថា កម្ពុជាមានសង្គ្រាម ហែកហួរ បែកបាក់ ធំណាស់ ដែលទាមទារឱ្យយើង ប្រឹងប្រែងដើម្បីស្តារឡើងវិញលើគ្រប់វិស័យ។
សម្តេចតេជោ ថ្លែងថា វឌ្ឍនភាពក្នុងវិស័យអប់រំនៅកម្ពុជា គឺបានឆ្លុះបញ្ចាំងពីការរីកចម្រើននៅក្នុងប្រទេសកម្ពុជា។ ជំនាន់មុនមានតិចតួចណាស់ដែលយុវជនបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ ប៉ុន្ដែនៅពេលនេះនិស្សិតរាប់ម៉ឺនក្នុង១ឆ្នាំៗបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បណ្ឌិត ដែលនេះបានបញ្ហាពីកត្តាសុខសន្ដិភាព និងការអភិវឌ្ឍនៅកម្ពុជា។
សម្តេចតេជោ ថ្លែងថា សូមកុំខ្លាចក្នុងការចំណាយដើមទុន លើការវិនិយោគលើវិស័យអប់រំសិក្សាធិការ ដែលការវិនិយោគនេះ ទទួលបានលទ្ធផលធំណាស់ នោះគឺធនធានមនុស្ស ដែលជាកត្តាជំរុញភាពធន់មាំ នៃសេដ្ឋកិច្ច និងសង្គម។
សម្តេចតេជោ ថ្លែងថា រាជរដ្ឋាភិបាលកំពុងតែយកចិត្តទុកដាក់ជំរុញការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធទាំងរឹង និងទន់ក្នុងនោះរចនាសម្ព័ន្ធទន់គឺធនធានមនុស្ស។
សម្តេចតេជោ ហ៊ុន សែន បានចោទសួរថា ហេតុអ្វីការសិក្សានៅថ្នាក់ឧត្ដមសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជានិស្សិត ជិត ៥ពាន់នាក់ ក្នុនោះមានស្រ្ដីតែជាង ១ ពាន់នាក់? សម្ដេចថ្លែងថាចំនួននេះតិចតួចណាស់ ដោយសម្ដេចជំរុញឱ្យមានសិក្សាឡើងវិញលើចំនួនស្រ្ដីសិក្សានៅទីនេះ។
សម្តេចតេជោ ហ៊ុន សែន ថ្លែងថា វាមិនមែនជាភាពត្រឹមត្រូវទេ ដែលខ្លួនឯងរស់នៅ និងសិក្សានៅក្នុងប្រទេស ស្រាប់តែបានចេញទៅរស់នៅក្រៅប្រទេស មកបង្អាប់សញ្ញាបត្រនៅក្នុងប្រទេសទៅវិញ។ សម្តេចតេជោ ថ្លែងបន្តថា សូមមានការដឹងគុណទីកន្លែងកំណើត និងមាតុភូមិរបស់យើង។
សម្ដេចតេជោ ថ្លែងថា «ធ្វើជាមនុស្ស បើមិនដឹងគុណស្រ័យរាជរដ្ឋាភិបាល និងប្រទេជាតិខ្លួនឯងទេ គួរណាស់តែដឹងគុណស្រ័យមាតាបិតា អាណាព្យាបាល និងលោកគ្រូ អ្នកគ្រូរបស់ខ្លួនដែរ ព្រោះមិនដែលឥន្រ្ទី កើតចេញពីអាចម៍គោទេ»។
សម្តេចតេជោ ថ្លែងថា កម្ពុជាមិនប្រកាសថាជំងឺកូវីដ-១៩ ជាជំងឺផ្តាសាយធម្មតា ដូចប្រទេសមួយចំនួនប្រកាសនោះទេ។ សម្តេចបញ្ជាក់ថា «កម្ពុជានៅទន់ខ្សោយនៅឡើយ ដែលវិធានការសុខាភិបាល និងដំណើរការចាក់វ៉ាក់សាំងកូវីដ-១៩ នៅតែជារឿងចាំបាច់ ដែលយើងត្រូវធ្វើ និងប្រតិបត្តិ»។
សម្តេចតេជោ ហ៊ុន សែន បានផ្តាំផ្ញើដល់មន្ត្រីរាជរដ្ឋាភិបាល ដែលត្រូវទូរស័ព្ទឆ្លងមតិណែនាំ និងយោបល់ពីសម្តេច សូមមេត្តាគិតឱ្យច្បាស់ថាត្រូវឆ្លងមតិ ឬយោបល់ប៉ុន្មាន?សូមកុំមួយពេល ហៅទូរស័ព្ទមកសម្តេចច្រើនដង ដែលនាំឱ្យរំខានដល់កិច្ចការផ្សេងៗ។
សម្តេចតេជោ ថ្លែងថា គ្រាន់តែសារសំឡេងសម្តេចរឿងវិធានការសត្វក្ងោក មានអ្នកចូលស្តាប់ជាង៣៦ម៉ឺននាក់ ក្នុងចំណោមអ្នកJoinតេឡេក្រាមសម្តេចជាង៥៤ម៉ឺននាក់។
សម្តេចតេជោ ថ្លែងថា សម្តេចបានឧបត្ថម្ភថវិកាចំនួន ១០លានរៀល ដល់គ្រួសារម្ចាស់ក្ងោក ដើម្បីរៀបចំទ្រុង ,ចំណី ព្រមទាំងជីវភាពក្រុមគ្រួសារម្ចាស់ក្ងោក បន្ទាប់ពីរដ្ឋបាលព្រៃឈើប្រគល់សត្វក្ងោកដល់ម្ចាស់វិញ។
សម្តេចតេជោ ហ៊ុន សែន ថ្លែងថា យើងគួរលើកទឹកចិត្ត ឱ្យប្រជាពលរដ្ឋចិញ្ចឹមសត្វដែលជិតផុតពូជ ជាជាងទៅចាប់យក សត្វដែលប្រជាពលរដ្ឋខំចិញ្ចឹមមកទុក។
សម្តេចតេជោ ហ៊ុន សែន ថ្លែងថា សម្តេចមិនបន្ទោសមន្ត្រីអនុវត្តន៍ច្បាប់រឿងចាប់យកសត្វក្ងោកអ្នកភូមិចិញ្ចឹមឡើយ ប្រហែលជាមន្ត្រីអនុវត្តន៍ច្បាប់សំអាងលើហេតុផលដែលមាននៅក្នុងច្បាប់។ សម្តេចបញ្ជាក់ថា «បើមានមាត្រាណាមួយ និយាយអំពីការរឹតត្បឹតនេះ សូមធ្វើការកែប្រែ ឬវិសោធនកម្មច្បាប់ត្រង់មាត្រានោះតែម្តង»។
សម្តេចតេជោ ហ៊ុន សែន បញ្ជាឱ្យពិនិត្យបន្ទាន់លើបញ្ហាច្បាប់ដែលពាក់ព័ន្ធ ដើម្បីបង្កើតសត្វព្រៃឡើងវិញ។ សម្ដេច បញ្ជាក់ថា សត្វនេះអាចចិញ្ចឹម ហើយអាចយកទៅលែងនៅក្នុងព្រៃឡើងវិញ។ សត្វកម្រដូចជាសត្វក្ងោក និងសត្វកម្រផ្សេងទៀតបើងាយចិញ្ចឹមត្រូវបន្តចិញ្ចឹមហើយលែងទៅព្រៃ។ សកម្មភាពនេះបង្ហាញពីស្ថានភាពល្អ នៃការអភិរក្សសត្វព្រៃនៅកម្ពុជាឡើងវិញផងដែរ។
សូមជម្រាបជូនថា អគារសិក្សានៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដែលសម្ពោធដាក់ឱ្យប្រើប្រាស់នេះ មានឈ្មោះថា «អគារមជ្ឈមណ្ឌលសហគមន៍ចំណេះដឹង និងអគារមហាវិទ្យាល័យវិស្វកម្មសំណង់»។ អគារទាំងពីរនេះ ត្រូវបានសាងសង់ឡើង ក្រោមក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងហិរញ្ញប្បទានរវាងរាជរដ្ឋាភិបាលកម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ី។ ក្នុងនោះ អគារមជ្ឈមណ្ឌលសហគមន៍ចំណេះដឹង មានកម្ពស់ ៧ជាន់ និង៧៣បន្ទប់ មានបណ្តោយ ៤៨ម៉ែត្រ និងទទឹង ២១ម៉ែត្រ គិតជាផ្ទៃក្រឡាសរុបជាង ៧ពាន់ម៉ែត្រការ៉េ។ រីឯអគារមហាវិទ្យាល័យវិស្វកម្មសំណង់មានកម្ពស់ ៣ជាន់ និង២០បន្ទប់ មានបណ្តោយ ២៨ម៉ែត្រ និងទទឹង ១៤ម៉ែត្រ គិតជាផ្ទៃក្រឡាសរុប ១,៧៣៨ម៉ែត្រការ៉េ។
សម្រាប់និស្សិតជ័យលាភី ដែលទទួលសញ្ញាបត្រវិញ រួមមានថ្នាក់បណ្ឌិត បរិញ្ញាបត្រជាន់ខ្ពស់ បរិញ្ញាបត្រ និងបរិញ្ញាបត្ររង សរុបចំនួន ៤,៦១៧នាក់ ក្នុងនោះនារី ១,២៨១នាក់។
វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា គឺជាគ្រឹះស្ថានឧត្ដមសិក្សាសាធារណៈ ដែលបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងវិស្វកម្ម សម្រាប់រួមចំណែកដល់ការអភិវឌ្ឍខឿនសេដ្ឋកិច្ចកម្ពុជា។ គិតចាប់តាំងពីឆ្នាំ១៩៨១ មកដល់បច្ចុប្បន្ននេះ និស្សិតបានបញ្ចប់ការសិក្សាពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាសរុប ១៤,៩៦៨នាក់ នារី ២,៨៦០នាក់។ អតីតនិស្សិតទាំងនោះបាននិងកំពុងបម្រើការងារនៅតាមក្រសួង ស្ថាប័នរដ្ឋ វិស័យឯកជន អង្គការមិនមែនរដ្ឋាភិបាល និងប្រកបអាជីវកម្មផ្ទាល់ខ្លួន ប្រកបដោយសមត្ថភាពវិជ្ជាជីវៈខ្ពស់ មានឧត្តមភាព សេចក្តីថ្លៃថ្នូរ និងប្រកបដោយកិត្តិយស៕ដោយ៖ស តារា