ភ្នំពេញ : នាព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ក្រុមយុវជនដែលបានចាកចេញពីបក្សប្រឆាំងកន្លងមក បានបង្ហើបឱ្យដឹងថា ពួកគេធ្លាប់ទៅសហរដ្ឋអាមេរិកដើម្បីទទួលការបណ្តុះបណ្តាលធ្វើបដិវត្តន៍ពណ៌។ សម្តេចតេជោ មានប្រសាសន៍បែបនេះ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាចំនួន២ខ្នង និងប្រគល់សញ្ញាបត្រជូននិស្សិតនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាជិត ៥ពាន់នាក់ ដែលប្រារព្ធឡើងនៅមជ្ឈមណ្ឌលសន្និបាត និងនិងពិព័រណ៌កោះពេជ្រ។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ក្រុមយុវជនដែលធ្លាប់ប្រឆាំងទាំងនោះ បានសម្រេចចិត្តចាកចេញពីបក្សប្រឆាំង មករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ដោយសារតែមើលឃើញថា គណបក្សប្រឆាំងមិនបានការសោះកន្លងមក ឃើញតែធ្វើសកម្មភាពបំផ្លិចបំផ្លាញជាតិ និងបំផ្លាញផលប្រយោជន៍ប្រជាជន។
សូមរំលឹកថា, ក្រុមយុវជនទាំងនេះ ថ្មីៗកន្លងទៅបានចេញលិខិតមួយ អោយក្រុមទណ្ឌិត សម រង្ស៊ី បញ្ឈប់ប្រើប្រាស់ពេលវេលាដើម្បីរកវិធីលាបពណ៌ពួកគេទៀត គួរអោយនាំគ្នា ថ្កោលទោស ទណ្ឌិត សម រង្ស៊ី ដែលបានប្រមាថ ដល់អង្គព្រះមហាក្សត្រម្តងហើយ ម្តងទៀត នោះផង៕
ដោយ : សហការី