ភ្នំពេញ៖ គ្រឿងញៀនចំនួន៥៩កញ្ចប់ដែលក្មេងប្រុសម្នាក់អាយុ១២ឆ្នាំ កំពុងតែឈរលក់ថ្នាំញៀននៅម្ដុំរោងចក្រឆ្នាំងផ្លូវរទេះភ្លើងត្រូវបានកម្លាំងនគរបាលល្បាតក្នុងមូលដ្ឋានឃាត់ខ្លួនសួរនាំនិងឆែកឆេររកឃើញសារធាតុញៀនជាក់ស្តែងតែម្តង ។
ករណីខាងលើនេះបានធ្វើឡើងកាលវេលាម៉ោង៧ព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦ ចំណុចផ្លូវរទេះភ្លើង ក្រុម១០៩ ភូមិ២៣ ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
តាមប្រភពព័ត៍មានពីមន្រ្តីនគរបាលប៉ុស្តិ៍បឹងកក់ទី២បានឲ្យដឹងថា ក្មេងដែលឃាត់ខ្លួនមានឈ្មោះ សាំ ម៉ារ៉ា ភេទប្រុស អាយុ១២ឆ្នាំ ស្នាក់នៅមិនពិតប្រាកដ នៅក្បែររបងសាលាតិចណូ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក ។
ប្រភពដដែរបានបន្តទៀតថា នៅមុនពេលឃាត់ខ្លួនក្មេងប្រុសម្នាក់នេះកំពុងឈរស្ពាយថង់ដាក់សារធាតុញៀនត្រៀមលក់ កម្លាំងល្បាតក្នុងមូលដ្ឋានប៉ុស្តិ៍នគរបាលបឹងកក់២ ឃើញមានលក្ខណៈសង្ស័យ ក៏ឃាត់ខ្លួនឆែកឆេរ ឃើញមានសារធាតុញៀនចំនួន៥៩កញ្ចាក់ជាក់ស្ដែង រួចនាំមកអធិការដ្ឋាននគរបាលខណ្ឌទួលគោកដើម្បីសួរនាំរកមេខ្លោងផងដែរ ។
បើយោងតាមសម្ដីរបស់ក្មេងប្រុស សាំម៉ារ៉ា បានឲ្យដឹងថា រាល់ថ្ងៃរូបខ្លួនបានដើរលក់ផ្ការតាមភ្លើងស្តុប ហើយដោយសារតែរូបខ្លួនមកលក់សារធាតុញៀននេះគឺគេឲ្យដើរលក់ដោយក្នុង១ថ្ងៃបានកំរៃ៣មឺុនរៀល ហើយរូបគេទើបតែងតែដើរលក់ថ្នាំញៀននេះ បានរយៈពេលតែ៣ថ្ងៃប៉ុណ្ណោះស្រាប់តែនៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦ នេះត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនតែម្ដង។
បច្ចុប្បន្នក្មេងប្រុសនិងថ្នាំញៀនចំនួន៥៩កញ្ចប់ត្រូវកម្លាំងនគរបាលប៉ុស្តិ៍បឹងកក់ទី២បញ្ចូនទៅឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោកដើម្បីចាត់ការតាមនីតិវិធី ៕
ដោយ៖ ស ដារ៉ា